ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទំហំហិរញ្ញប្បទានរបស់ជប៉ុនត្រូវបានរំពឹងថា នឹងកើនឡើងជាបន្តបន្ទាប់ តាមរយៈការចុះហត្ថលេខា លើលិខិតប្ដូរសារក្នុងក្របខ័ណ្ឌ ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២ ខណៈ៣០ឆ្នាំមកនេះ ជប៉ុនបានបើកផ្តល់ហិរញ្ញប្បទាន ដល់កម្ពុជាជាង៤ពាន់លានដុល្លារ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ស្តីពីកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយស្តីពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ភាគីជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ដ៍សំខាន់របស់កម្ពុជា ដោយចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ ភាគីជប៉ុន បានបើកផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ៤៣១៩លានដុល្លារ ស្មើនឹង១៤ភាគរយ នៃហិរញ្ញប្បទានផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់។ក្នុងជំនួបជាមួយលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា កម្ពុជា ពិតជាអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះការបន្តប្តេជ្ញាគាំទ្រ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
លោកបានបន្ថែមថា កិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយនេះ ត្រូវបានរៀបចំឡើងជាលើកដំបូង ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងស្របពេលជាមួយការរៀបចំប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២ ដែលគ្រោងនឹងរៀបចំនាចុងឆ្នាំ២០២៣នេះ។លោកបានបញ្ជាក់ថា “ក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺផ្តោតការយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីសម្រេចបានទស្សនវិស័យរបស់កម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។
លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក៏បានលើកឡើងដែរថា ធម្មនុញ្ញនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលរដ្ឋាភិបាលជប៉ុន បានកែសម្រួលកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ភាគីទាំង២បានធ្វើ និងបានពិនិត្យឡើងវិញនូវគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជារួចហើយ។លោកបានបញ្ជាក់ថា ភាគីទាំង២ បានធ្វើនិងពិនិត្យឡើងវិញនូវគោលនយោបាយសហប្រតិបត្តិការ អភិវឌ្ឍន៍សម្រាប់កម្ពុជាការពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា លើបញ្ហាប្រឈមក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការនាពេលកន្លងមក ក្នុងន័យបន្តពង្រឹងសមត្ថភាពនៃការអនុវត្តគម្រោងនាពេលអនាគត៕