ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានសម្រេចសាងសង់អាគារការិយាល័យថ្មីបន្ថែម ដើម្បីពង្រីកប្រតិបត្តិការអភិវឌ្ឍន៍អចលនវត្ថុបន្ថែម។
ការបើកការសាងសង់ការិយាល័យបន្ថែមនេះ បានធ្វើនៅព្រឹកថ្ងៃទី៤ ធ្នូនេះ ដែលមានទីតាំងនៅក្នុងទឹកដីរបស់បុរី វិមានសំណាង។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី៤ ធ្នូនេះថា ការសាងសង់អាគារការិយាល័យថ្មីនេះ ធ្វើឡើងសម្រាប់កិច្ចការសំខាន់ និងក្រុមការងារអញ្ជើញមកពី ទី១ ក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្ទេត Khmer Real Estate Co., Ltd ទី២ KW Cambodia & KW Khmer Real Estate ទី៣ ការិយាល័យគ្រប់គ្រងបុរី KS Residence & Samnang Land ទី៤ ការិយាល័យបន្ថែមសម្រាប់បុគ្គលិក បុរី វិមានសំណាង និងទី៥ ការិយាល័យធ្វើការ សម្រាប់ក្រុមការងារលក់បុរី វិមានសំណាង មកពីអាស៊ី និងក្រុមការងារសម្រាប់ត្រៀមធ្វើ ទីក្រុងសំណាង Samnang Town តម្លៃជាង៥០០លានដុល្លារ ក្នុងឆ្នាំ២០២៥៕