ដោយ: គង់ លាងហួរ
ភ្នំពេញ: កម្ពុជាទទួលបានជំនួយឥតសំណងចំនួន ៦,៣៧៥លានអឺរ៉ូ (ប្រហែល៧លានដុល្លារអាមេរិក) ពីសហភាពអឺរ៉ុប (EU) កាលពីថ្ងៃច័ន្ទ ដើម្បីគាំទ្រដល់កំណែទម្រង់ វិស័យជលផលនៅកម្ពុជា។
លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានប្រកាសពីការផ្តល់ជំនួយនេះ ក្នុងជំនួបជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ភាគីខាងសហភាពអឺរ៉ុប។
លោក Driesmans បានមានប្រសាសន៍ឱ្យដឹងថា ភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា លើវិស័យជលផលមានទំហំធំ និងរឹងមាំ ទោះបីជាមានបញ្ហាប្រឈមដ៏ធំធេងយ៉ាងណាក្តី។ជំនួយនេះនឹងត្រូវប្រើប្រាស់ ដើម្បីគាំទ្រលើផ្នែកសំខាន់ៗនៃកំណែទម្រង់វិស័យជលផលនៅកម្ពុជា ដូចជា ការត្រួតពិនិត្យ ការគ្រប់គ្រង និងតាមដាន ការការពារព្រៃលិចទឹក ការអភិរក្សជលផលសមុទ្រ ការផ្ទេរជំនួយដល់សហគមន៍នេសាទ ការស្រាវជ្រាវ និងសុវត្ថិភាពចំណីអាហារ។លោក ឌិត ទីណា បានមានប្រសាសន៍ឱ្យដឹងថា វិស័យកសិកម្ម រួមទាំងជលផល និងព្រៃឈើកំពុងប្រឈមមុខ នឹងបញ្ហាជាសកល ដែលបន្តទាមទារភាពជាដៃគូរឹងមាំ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីកាត់បន្ថយ និងសម្របខ្លួនទៅនឹងផលប៉ះពាល់អវិជ្ជមាន និងប្រែក្លាយឧបសគ្គទៅជាឱកាស។
ចំពោះវិស័យជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការជួយដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈខ្សែសង្វាក់តម្លៃទាំងមូល ដើម្បីជាប្រយោជន៍ដល់ប្រជានេសាទ កសិករវារីវប្បកម្ម និងសហគ្រិន ក៏ដូចជាអ្នកប្រើប្រាស់ផងដែរ។ នេះបើយោងតាមការលើកឡើង របស់លោករដ្ឋមន្ត្រី ឌិត ទីណា ក្នុងសេចក្តីថ្លែងការណ៍។
លោកបានបន្ថែមថា “យើងក៏ប្តេជ្ញាចិត្តចំពោះការការពារ និងអភិរក្សជម្រក និងធនធានក្នុងទឹករបស់យើងផងដែរ”៕Xinhua៕