ការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចចិន នឹងផ្តល់ផលជាវិជ្ជមានដល់សេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Koraphat Vorachet ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Krungsri Capital Securities លើកឡើងថា ការស្ទុះងើបឡើងវិញរបស់សេដ្ឋកិច្ចចិននឹងជះឥទ្ធិពលជាវិជ្ជមានដល់សេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ី រួមទាំងប្រទេសថៃផងដែរ។

លោកបន្តថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង៤,៩% នៅក្នុងត្រីមាសទី៣ ពោលគឺលើសពីការព្យាករ៤,៥% ដែលបង្ហាញថា គោលនយោបាយរបស់រដ្ឋាភិបាលចិនបានជំរុញសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។

លោកបានបញ្ជាក់ទៀតថា ក្នុងរយៈពេល៩ខែដំបូង ឆ្នាំ២០២៣នេះ សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង៥,២% ហើយប្រទេសចិននៅតែស្ថិតលើផ្លូវឆ្ពោះទៅសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំក្នុងរង្វង់៥% ។

ប្រធានផ្នែកស្រាវជ្រាវរូបនេះអះអាងថា “ស្របពេលដែលសកម្មភាពផលិតកម្មនៅប្រទេសចិនបានស្ទុះងើបឡើងវិញ ដូច្នេះ ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនគីមីឥន្ធនៈជាច្រើននៅលើទីផ្សារភាគហ៊ុននឹងអាចទទួលបានអត្ថប្រយោជន៍”។

លោក បាន បន្ថែមថា លោក រំពឹង ថា វិធានការ ជំរុញ បន្ថែម ទៀត នឹង ត្រូវ បាន ប្រកាស ដាក់ចេញដោយ រដ្ឋាភិបាល ចិន នៅ ចុង ឆ្នាំ ២០២៣នេះ។

បន្ទាប់ពីការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបានចេញផ្សាយទិន្នន័យសេដ្ឋកិច្ចប្រចាំត្រីមាសទី៣ ធនាគារ JP Morgan បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចចិននៅឆ្នាំនេះពី៥% ដល់៥,២% ខណៈដែលធនាគារ Citigroup និងធនាគារធំស្វីស UBS ក៏បានបង្កើនការព្យាករសម្រាប់កំណើនសេដ្ឋកិច្ចចិនផងដែរ។

ចំណែកឯ Nomura ដែលជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ មានមូលដ្ឋាននៅប្រទេសជប៉ុនបានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ២០២៣នេះពី៤,៨% ដល់៥,១%។

មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បានអះអាងថា គោលនយោបាយជំរុញទឹកចិត្ត ដូចជាការបញ្ចុះអត្រាការប្រាក់ដើម្បីបង្កើនការប្រើប្រាស់ទំនិញ និងសេវាកម្ម ក៏ដូចជាការលើកទឹកចិត្តផ្នែកពន្ធសម្រាប់ការទិញយានយន្តអគ្គិសនី និងផ្ទះថ្មី ដែលបានជំរុញឱ្យ GDP នៅត្រីមាសទី៣របស់ប្រទេសចិន កើនឡើងលើសពីការព្យាករទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here