ដោយ: គង់ លាងហួរ
តូក្យូ: រដ្ឋាភិបាលជប៉ុនគ្រោងបង្កើតច្បាប់ថ្មីដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនដែលកំពុងរីកចម្រើន ក៏ដូចជាក្រុមហ៊ុនខ្នាតតូច និងមធ្យម ទទួលបានប្រាក់កម្ចីដោយផ្អែកលើសក្តានុពលនៃកំណើនរបស់ពួកគេ និងកត្តាដទៃផ្សេងៗទៀត ពោលគឺមិនចាំបាច់ដាក់ទ្រព្យធានា។
គោលបំណងគឺដើម្បីជំរុញអាជីវកម្ម ដោយអនុញ្ញាតឱ្យក្រុមហ៊ុនធុរកិច្ចទើបបង្កើតថ្មី Startup ដែលគ្មានអចលនទ្រព្យ ឬទ្រព្យសម្បត្តិរូបីផ្សេងទៀតអាចប្រមូលមូលនិធិដោយប្រើសមត្ថភាពបច្ចេកវិទ្យារបស់ពួកគេ ឬមូលដ្ឋានអតិថិជនជាវត្ថុបញ្ចាំ។
យោងតាមប្រភពពីរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ច្បាប់នេះត្រូវបានដាក់បញ្ចូលក្នុងកញ្ចប់ជំរុញសេដ្ឋកិច្ចថ្មី ដែលសម្រេចបញ្ចប់ការអនុម័តនៅចុងខែតុលា។
វាជារឿងធម្មតាទេដែលក្រុមហ៊ុននានាប្រើប្រាស់អចលនទ្រព្យដូចជាដី និងអគារជាវត្ថុបញ្ចាំ ដើម្បីទទួលបានប្រាក់កម្ចី។ ច្បាប់ហិរញ្ញវត្ថុ ក្នុងការផ្តល់ប្រាក់កម្ចីដល់អ្នកដែលមានវត្ថុបញ្ចាំគ្រប់គ្រាន់ បានបង្កឱ្យមានការលំបាកសម្រាប់ក្រុមហ៊ុនដែលកំពុងរីកចម្រើន ដែលមានទ្រព្យសម្បត្តិរូបីតិចតួច ក្នុងការទទួលបានប្រាក់កម្ចីទោះបីជាពួកគេមានទស្សនវិស័យអាជីវកម្មដ៏ជោគជ័យយ៉ាងណាក្តី។
ប៉ុន្តែ នៅក្រោមច្បាប់ថ្មីនេះ ប្រព័ន្ធមួយនឹងត្រូវបានបង្កើតឡើង ដែលអនុញ្ញាតឱ្យអាជីវកម្មអាចទទួលបានប្រាក់កម្ចីដោយផ្អែកលើការវាយតម្លៃសរុបនៃទ្រព្យសម្បត្តិរូបី និងអរូបីរបស់ពួកគេ។ ទ្រព្យសកម្មអរូបីត្រូវបានគេរំពឹងថានឹងរួមបញ្ចូលចំណេះដឹង សមត្ថភាពបច្ចេកវិទ្យា មូលដ្ឋានអតិថិជន និងទិន្នន័យប្រតិបត្តិការពិសេសតែមួយគត់របស់ក្រុមហ៊ុន។
បន្ថែមពីលើនេះ សហគ្រាសខ្នាតតូច និងមធ្យម ដូចជាផ្ទះសំណាក់បែបប្រពៃណីជប៉ុន និងភោជនីយដ្ឋាន ដែលបានបង្កើតឡើងជាយូរមកហើយនឹងអាចទទួលបានប្រាក់កម្ចីកាន់តែងាយស្រួលជាងមុន៕