តើការទិញ ឬជួលអាផាតមុិននៅក្នុងប្រទេសសិង្ហបុរី វៀតណាម និងឥណ្ឌូនេសុី មានតម្លៃខុសគ្នាបែបណា?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅក្នុងតំបន់អាស៊ាន វិស័យអចលនទ្រព្យមានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ មុនពេលផ្ទុះវិបត្តិជំងឺកូវីដ-១៩ ដែលវិបត្តិនេះបាននាំឱ្យតម្រូវការ និងការលក់ធ្លាក់ចុះ ប៉ុន្តែតម្លៃអចលនទ្រព្យក្នុងប្រទេសមួយចំនួននៅតែមានកម្រិតខ្ពស់ដដែល។

ខាងក្រោមនេះគឺជាតម្លៃអាផាតមុិននៅក្នុងប្រទេសចំនួន៣ ដែលជាសមាជិករបស់សមាគមប្រជាជាតិអាសុីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន៖

ទី១: ប្រទេសសិង្ហបុរី
ប្រទេសសិង្ហបុរីគឺជាគោលដៅដ៏អស្ចារ្យសម្រាប់ជនបរទេស ដែលផ្តល់ជូននូវការលាយបញ្ចូលគ្នានៃវប្បធម៌ ឱកាសការងារដ៏អស្ចារ្យ បរិក្ខារលំដាប់ពិភពលោក រួមជាមួយនឹងស្តង់ដារនៃការរស់នៅដ៏ខ្ពស់ ប៉ុន្តែជីវិតរស់នៅប្រទេសសិង្ហបុរីត្រូវចំណាយប្រាក់ច្រើនបំផុត។

តួយ៉ាង ការជួលអាផាតមុិននៅចំកណ្តាលទីក្រុងសិង្ហបុរីមានតម្លៃថ្លៃណាស់ ដោយថ្លៃចំណាយប្រចាំខែជាមធ្យមលើការជួលអាផាតមុិន ដែលមានបន្ទប់គេងចំនួន១ ត្រូវចំណាយប្រាក់ប្រមាណ២.៧០០ដុល្លារអាមេរិក។

រីឯ ថ្លៃចំណាយប្រចាំខែជាមធ្យមលើការជួលអាផាតមុិននៅចំកណ្តាលទីក្រុង ដែលមានបន្ទប់គេងចំនួន៣ ត្រូវចំណាយប្រាក់ប្រមាណ៥.៤០០ដុល្លារអាមេរិក។

ចំណែក ថ្លៃចំណាយជាមធ្យមប្រចាំខែលើការប្រើប្រាស់អុីនធឺណេតមានចំនួនប្រហែល៣៦ដុល្លារអាមេរិក ខណៈការប្រើប្រាស់ហ្គាស អគ្គិសនី និងទឹក សម្រាប់អាផាតមុិនទំហំ៨៥ម៉ែត្រការ៉េ ត្រូវចំណាយប្រាក់ជាមធ្យមប្រចាំខែ ចំនួន១៤៧ដុល្លារ។

ទី២: ប្រទេសវៀតណាម
ក្រសួងសំណង់វៀតណាមបានចាត់ថ្នាក់អាផាតមុិន ដែលមានតម្លៃចាប់ពី២៥ ទៅ៣៥លានដុង (ប្រហែល១.០៣០ ទៅ១.៤៤០ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ ឬតិចជាងនេះ ថា ជាតម្លៃមួយដ៏សមរម្យ។

ប៉ុន្តែ នៅត្រីមាសទី៣ ឆ្នាំ២០២៣នេះ អាផាតមុិន ដែលមានទំហំចន្លោះពី៥០ទៅ៦០ម៉ែត្រការ៉េនៅទីក្រុងហាណូយមានតម្លៃជាមធ្យមចាប់ពី២,៥ ដល់៣ពាន់លានដុង ឬ៥១លានដុងក្នុងមួយម៉ែត្រការ៉េ ដែលនេះជាតម្លៃថ្លៃបំផុត។

ចំណែក នៅទីក្រុងហូជីមិញ អាផាតមុិន ដែលមានទំហំចន្លោះពី៥០ទៅ៦០ម៉ែត្រការ៉េ មានតម្លៃជាមធ្យមចាប់ពី៣ ទៅដល់៣,៦ពាន់លានដុង ឬ៦០លានដុងក្នុងមួយម៉ែត្រការ៉េ នៅត្រីមាសទី៣។

ទី៣: ប្រទេសឥណ្ឌូនេសុី
ជនបរទេសដែលរស់នៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេសុី មានទំនោរជ្រើសរើសអាផាតមុិន ដោយសារមានទីតាំងនៅជិតការិយាល័យ និងមជ្ឈមណ្ឌលកម្សាន្តក្នុងទីក្រុងហ្សាកាតា។

ការជួលអាផាតមុិននៅតំបន់កណ្តាលទីក្រុងហ្សាការតា ដែលមានបន្ទប់គេងចំនួន១ ត្រូវចំណាយប្រាក់ប្រហែល៧លានរូពៀរ IDR(ប្រហែល៤៥៣ដុល្លារអាមេរិក) នៅក្នុងមួយខែ។

ចំណែកឯ ការជួលអាផាតមុិននៅតំបន់កណ្តាលទីក្រុងហ្សាការតា ដែលមានបន្ទប់គេងចំនួន៣ ត្រូវចំណាយប្រាក់ប្រហែល១៩លានរូពៀរ IDR(ប្រហែល១.២៣០ដុល្លារអាមេរិក) នៅក្នុងមួយខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here