ដោយ: គង់ លាងហួរ
អន្តរជាតិ: អត្រាជួល ឬកាន់កាប់ការិយាល័យនៅក្នុងទីក្រុងបាងកក ត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារតែការផ្គត់ផ្គង់ការិយាល័យថ្មីដ៏ធំសម្បើមទំហំជាង១,៦លានម៉ែត្រការ៉េកំពុងត្រូវបានអភិវឌ្ឍ។
លោក Panya Jenkitvathanalert នាយកប្រតិបត្តិផ្នែកយុទ្ធសាស្ត្រការិយាល័យ និងដំណោះស្រាយនៅក្រុមហ៊ុនអចលនទ្រព្យ Knight Frank Thailand បានអះអាងថា អត្រាកាន់កាប់ ឬជួលការិយាល័យនៅទីក្រុងបាងកកបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីត្រីមាសទី១ ឆ្នាំ២០១៨មកម្ល៉េះ។
លោកបានបន្តថា “ដោយផ្អែកលើការរំពឹងទុកនៃការផ្គត់ផ្គង់ការិយាល័យទំហំ១,៦២លានម៉ែត្រការ៉េបន្ថែម ដែលគ្រោងបញ្ចប់ការសាងសង់នៅចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០២៨ អត្រាកាន់កាប់ការិយាល័យនៅទីក្រុងបាងកកត្រូវបានព្យាករណ៍ថា នឹងជួបប្រទះនឹងការធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ”។
ការផ្គត់ផ្គង់ការិយាល័យថ្មីភាគច្រើនត្រូវបានគ្រោងទុកសម្រាប់ឆ្នាំក្រោយ ដែលមានទំហំសរុបប្រហែល៦៥មុឺនម៉ែត្រការ៉េ ដោយជាងពាក់កណ្តាល ឬប្រហែល៣៩មុឺនម៉ែត្រការ៉េ នឹងមានទីតាំងស្ថិតនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាល (CBD)។
ការផ្គត់ផ្គង់ការិយាល័យ ដែលមានទំហំប្រហែល៣៨៥.០០០ម៉ែត្រការ៉េ នីមួយៗនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ ហើយការផ្គត់ផ្គង់ ដែលនៅសេសសល់នឹងបញ្ចប់នៅឆ្នាំ២០២៧ និថឆ្នាំ២០២៨។
នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ អត្រាកាន់កាប់សរុបនៃការិយាល័យក្នុងទីក្រុងបាងកក នៅគ្រប់កម្រិតថ្នាក់ទាំងអស់បានធ្លាក់ចុះមកត្រឹម៧៨% បើធៀបនឹង៧៩% នៅក្នុងត្រីមាសទីពីរ និង៨១% នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២។
បើគិតតាមកម្រិតថ្នាក់ គេសង្កេតឃើញថា ការិយាល័យ ដែលមានអត្រាកាន់កាប់ខ្ពស់បំផុត គឺការិយាល័យថ្នាក់A ដែលមាន៨២% បន្ទាប់មកគឺ ការិយាល័យថ្នាក់ C មាន៧៨% និងថ្នាក់ B មាន៧៧% ពោលគឺបានធ្លាក់ចុះ បើធៀបនឹងតួលេខក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានអត្រាកាន់កាប់៨៧% ៧៩% និង៨០% រៀងៗគ្នា៕