ការសាងសង់ស្ពានមិត្តភាពឡាវ-ថៃទី៥ ក្រោមកម្ចី៣៩លានដុល្លារ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បច្ចុប្បន្ន ការសាងសង់គម្រោងស្ពានមិត្តភាពឡាវ-ថៃទី៥ កំពុងដំណើរការ ដោយរំពឹងថា នឹងអាចបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៤។ នេះបើយោងតាមលោក Vatthana Phandanouvong អនុប្រធាននៃគម្រោងនេះ។

កាលពីថ្ងៃ ទី២៩ ខែវិច្ឆិកាកន្លងទៅ លោក Vatthana Phandanouvong បានរាយការណ៍ថាគម្រោងនេះសម្រេច បានការសាងសង់៨១ភាគរយ ហើយ ដែលក្នុងនោះ រួមបញ្ចូលទាំង៦៩ភាគរយនៃស្ពាន និង៩៣ភាគរយនៃគ្រឿងបរិក្ខារពាក់ព័ន្ធ។ដោយគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់គម្រោងនេះ លោក Kikeo Khaikhamphithoune ឧបនាយករដ្ឋមន្ត្រីឡាវ បានលើកឡើងពីតួនាទីរបស់គម្រោងក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងឡាវ និងថៃ។

គម្រោងនេះបានចាប់ផ្តើមដំណើរការសាងសង់នៅខែសីហា ឆ្នាំ២០១៩ ដែលផ្តល់មូលនិធិដោយប្រាក់កម្ចីជាង១,៣៨ពាន់លានបាត (ប្រហែល៣៩លានដុល្លារអាមេរិក) ពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជិតខាង (NEDA) ដែលមានមូលដ្ឋានក្នុងប្រទេសថៃ។ ស្ពាននេះមានប្រវែងសរុប១.៣៥០ម៉ែត្រឆ្លងកាត់ទន្លេមេគង្គ ដោយតភ្ជាប់ពីស្រុក Paksan ក្នុងខេត្ត Bolikhamxay ប្រទេសឡាវ ទៅកាន់ខេត្ត Bung Kan ភាគឦសាននៃប្រទេសថៃ។ នៅក្នុងស្រុកPaksan ទីតាំងរបស់ស្ពាននេះ ស្ថិតក្នុងភូមិ Kuy Oudom ដែលមានចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ពីខាងជើងមណ្ឌលរដ្ឋបាលស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here