ដោយ: គង់ លាងហួរ
អន្តរជាតិ: ការស្ទង់មតិពីវិទ្យាស្ថានសម្រាប់ការគ្រប់គ្រងការផ្គត់ផ្គង់ (ISM) បង្ហាញថា ផលិតកម្មរបស់សហរដ្ឋអាមេរិកនៅតែបន្តធ្លាក់ចុះក្នុងខែវិច្ឆិកា ខណៈការជួលបុគ្គលិកថយចុះ និងការបញ្ឈប់ការងារបានកើនឡើង ដែលបង្ហាញថា សេដ្ឋកិច្ចអាមេរិកកំពុងបាត់បង់សន្ទុះ បន្ទាប់ពីសម្រេចបានកំណើនដ៏រឹងមាំកាលពីត្រីមាសទី៣។
ការស្ទង់មតិខាងលើបានធ្វើឡើង ខណៈទិន្នន័យ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន បានបង្ហាញថា ការចំណាយរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកមានកំណើនមធ្យម និងអតិផរណាបានធ្លាក់ចុះក្នុងខែតុលា។សកម្មភាពសេដ្ឋកិច្ចអាមេរិកកំពុងធ្លាក់ចុះ ខណៈការដំឡើងអត្រាការប្រាក់នាពេលកន្លងមកកំពុងជះផលប៉ះ ពាល់ ដល់តម្រូវការ។ ទោះបីជាយ៉ាងនេះក្តី ក្រុមសេដ្ឋវិទូភាគច្រើនមិនរំពឹងថា នឹងអាចមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយឡើយ។
តាមរយៈព្រឹត្តិការណ៍មួយនៅឯសាកលវិទ្យាល័យ Spelman College ក្នុងទីក្រុង Atlanta កាលពីថ្ងៃសុក្រ សប្តាហ៍មុន ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell បានថ្លែងថា“យើងកំពុងទទួលបានអ្វីដែលយើងចង់ទទួលបាន ចេញពីសេដ្ឋកិច្ច”។សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) នៃវិស័យផលិតកម្មបានស្ថិតនៅទ្រឹងត្រឹម៤៦,៧ពិន្ទុកាលពីខែវិច្ឆិកា ខណៈសន្ទស្សន៍នេះបានស្ថិតក្រោមកម្រិត៥០ពិន្ទុអស់រយៈពេល១៣ខែជាប់ៗគ្នាមកហើយ ដែលសូចនាករនេះបង្ហាញថា ការផលិតកំពុងបន្តធ្លាក់ចុះ។
ក្រុមសេដ្ឋវិទូមួយចំនួនជឿជាក់ថា កូដកម្មរបស់សហជីព United Auto Workers ដែលបានបិទបញ្ចប់ទៅវិញកាលពីចុងខែតុលា បានបន្តជះឥទ្ធិពលអវិជ្ជមានមកលើសន្ទស្សន៍ PMI ៕