ដោយៈ គង់ សូរិយា
ភ្នំពេញៈ គណៈប្រតិភូក្រុមហ៊ុន Branch of China Railway Urban Construction Group Co., Ltd បានជួបជាមួយលោកឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន៣។
ជំនួបដែលបានធ្វើកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានដឹកនាំដោយលោក ឡាវ វ៉ាន់ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ចំណែកគណៈប្រតិភូក្រុមហ៊ុន Branch of China Railway Urban Construction Group Co., Ltd. ដឹកនាំដោយ លោក Jia Ruo Hua នាយកគ្រប់គ្រងទូទៅ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនផងដែរ។
យោងតាមការផ្សព្វផ្សាយ លើបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងបានបង្ហាញថា គោលបំណងនៃជំនួបនាឱកាសនេះ គឺដើម្បីជជែកពិភាក្សាពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តគម្រោងនានា ទាក់ទងនឹងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង ស្ថានីយចម្រោះទឹកកខ្វក់ និងគម្រោងសាងសង់ស្ថានីយរថភ្លើង៕