ឥណ្ឌានឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៣ របស់ពិភពលោកនៅឆ្នាំ២០៣០

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនវាយតម្លៃអន្តរជាតិ S&P Global Ratings បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ឥណ្ឌានឹងនៅតែជាប្រទេសដែលមានសេដ្ឋកិច្ចធំលូតលាស់លឿនបំផុតសម្រាប់រយៈពេល៣ឆ្នាំខាងមុខ ដែលនឹងជំរុញឱ្យឥណ្ឌាក្លាយជាមហាអំណាច សេដ្ឋកិច្ច ទី៣របស់ពិភពលោកនៅឆ្នាំ២០៣០។

ក្រុមហ៊ុន S&P Global Ratings រំពឹងថា ប្រទេសឥណ្ឌា ដែលបច្ចុប្បន្នជាមហាអំណាចសេដ្ឋកិច្ចទី៥ របស់ពិភពលោកនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រា៦,៤% នៅក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ហើយកំណើនសេដ្ឋកិច្ចឥណ្ឌានឹងកើនឡើងដល់៧% នៅឆ្នាំសារពើពន្ធ២០២៧។ផ្ទុយទៅវិញ ក្រុមហ៊ុន S&P Global Ratings រំពឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងថយចុះមកត្រឹម៤,៦% នៅឆ្នាំ២០២៦ បើធៀបនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ចចិនក្នុងរង្វង់៥,៤%សម្រាប់ឆ្នាំ២០២៣នេះ។

យោងតាមទិន្នន័យបានបង្ហាញកាលពីសប្តាហ៍មុនថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឥណ្ឌាបានកើនឡើងលើសពីការរំពឹងទុក ក្នុងអត្រា៧,៦% នៅក្នុងត្រីមាសទីពីរនៃឆ្នាំសារពើពន្ធ២០២៤ ដែលបានជំរុញឱ្យក្រុមហ៊ុនជាច្រើនបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចឥណ្ឌាពេញមួយឆ្នាំ។

ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុន S&P បានលើកឡើងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌានឹងពឹងផ្អែកលើការផ្លាស់ប្តូរដ៏ជោគជ័យរបស់ខ្លួនទៅកាន់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយផលិតកម្ម ពីសេដ្ឋកិច្ចដែលគ្របដណ្តប់ដោយសេវាកម្មនាពេលបច្ចុប្បន្ន។

ចំណែកនៃផលិតកម្មបានគ្របដណ្តប់ប្រហែល១៨%ប៉ុណ្ណោះ នៃផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌា ខណៈពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi បាននិងកំពុងជំរុញការផលិតក្នុងស្រុកតាមរយៈយុទ្ធនាការ “Make in India” និងការលើកទឹកចិត្តដែលទាក់ទងនឹងការផលិត (PLI)។ ផ្ទុយទៅវិញ វិស័យសេវាកម្មបានគ្របដណ្តប់ជាងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឥណ្ឌា។

ក្រុមហ៊ុន S&P Global Ratings បានបន្ថែមថា ការអភិវឌ្ឍន៍ក្របខ័ណ្ឌដឹកជញ្ជូនដ៏រឹងមាំគឺជាគន្លឹះ ក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលផលិតកម្ម ហើយឥណ្ឌាក៏ត្រូវតែបង្កើនជំនាញកម្មកររបស់ខ្លួន និងបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងកម្លាំងពលកម្មការងារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here