តម្រូវការទីផ្សារការិយាល័យនៅទីក្រុងសេអ៊ូលនឹងបន្តមានភាពរឹងមាំនៅឆ្នាំ២០២៤ខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យសកលមួយ លើកឡើងថា ទោះបីជាទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងសម្រាប់ឆ្នាំ២០២៤ពុំមានភាពល្អប្រសើរ យ៉ាងណាក្តី ក៏ទីផ្សារអគារការិយាល័យសំខាន់ៗរបស់ទីក្រុងសេអ៊ូលត្រូវបានគេរំពឹងថា នឹងបន្តមានតម្រូវការខ្ពស់នៅឆ្នាំក្រោយនេះ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៥ ខែវិច្ឆិកា លោក Jung Jin-woo ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Cushman & Wakefield Korea បានគូសបញ្ជាក់ថា ទីផ្សារការិយាល័យក្នុងស្រុករបស់ប្រទេសកូរ៉េបានបង្ហាញពីតម្រូវការខ្ពស់ក្នុងការជួល។

ជាមួយគ្នានេះ អត្រាការិយាល័យ ដែលទុកទំនេរចោល មានប្រហែល២ភាគរយប៉ុណ្ណោះ គិតចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០២២ ដែលទាបជាងនៅសហរដ្ឋអាមេរិក ជប៉ុន ចិន ហុងកុង និងសិង្ហបុរី។

លោក Jung Jin-woo បានលើកឡើងថា “ទោះបីជាថ្មីៗនេះ ទស្សនវិស័យកំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងសម្រាប់ឆ្នាំ២០២៤ ត្រូវបានបន្ទាបយ៉ាងណាក្តី ក៏តម្រូវការការិយាល័យនៅក្នុងប្រទេសកូរ៉េនៅតែរឹងមាំបើប្រៀបធៀបទៅនឹងប្រទេសធំៗដទៃទៀត”។

លោក Jung បានធ្វើការពន្យល់ថា កត្តាដែលជំរុញឱ្យទីផ្សារការិយាល័យនៅប្រទេសកូរ៉េខាងត្បូង មានតម្រូវការខ្ពស់ រួមមានដូចជា កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសកូរ៉េក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ការឈប់ធ្វើការងារពីផ្ទះ ការកើនឡើងនៃចំណង់ចំណូលចិត្តរបស់ក្រុមហ៊ុនលើទំហំការិយាល័យដែលមានគុណភាព និងកង្វះខាតនៃការផ្គត់ផ្គង់អគារការិយាល័យថ្មី។

ជាកស្តែង អត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមរបស់ប្រទេសកូរ៉េក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានកម្រិត៣,៣ភាគរយ ដែលខ្ពស់ជាងនៅប្រទេសសេដ្ឋកិច្ចធំៗមួយចំនួន រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី និងជប៉ុនផងដែរ។

ម្យ៉ាងទៀត ចំនួនជាមធ្យមនៃថ្ងៃធ្វើការងារពីផ្ទះ ក្នុងមួយសប្តាហ៍ នៅប្រទេសកូរ៉េខាងត្បូង គឺស្ថិតនៅកម្រិតទាបបំផុត បើធៀបនឹងប្រទេសជាច្រើននៅទូទាំងពិភពលោក ហើយនេះក៏ជាកត្តាសំខាន់ ដែលជំរុញឱ្យទីផ្សារការិយាល័យមានតម្រូវការខ្ពស់ផងដែរ។

លើសពីនេះ លោក Jung បានពន្យល់ថា បណ្តាក្រុមហ៊ុនកាន់តែច្រើនកំពុងបង្ហាញពីទំនោរ លើការចូលចិត្តធ្វើការនៅអគារការិយាល័យប្រកបដោយគុណភាព ដើម្បីទាក់ទាញបុគ្គលិកដែលមានសមត្ថភាព ក៏ដូចជាការបង្កើនផលិតភាពរបស់កម្មករ-និយោជិតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here