តម្លៃជួលការិយាល័យនៅសហរដ្ឋអាមេរិកហក់ឡើងខ្ពស់ខ្លាំងនៅក្នុងត្រីមាសទី៣

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អត្រាអគារការិយាល័យដែលមិនត្រូវបានគេជួល ឬទុកទំនេរចោល (Vacancy rate) នៅក្នុងទីផ្សារសហរដ្ឋអាមេរិកបានហក់ឡើងដល់កំណត់ត្រាខ្ពស់បំផុត ដែលមិនធ្លាប់មាន ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។

បន្ថែមពីនេះ ក្រៅតែពីទំនោរ ដែលមនុស្សកាន់តែច្រើននាំគ្នាធ្វើការពីចម្ងាយហើយនោះ បញ្ហាវិបត្តិសកលបាននិងកំពុងធ្វើឱ្យតម្លៃជួលអគារការិយាល័យនៅតែមានកម្រិតខ្ពស់ ដែលធ្វើឱ្យម្ចាស់អាជីវកម្មនានាពិបាកនឹងទទួលយក។

ការសាងសង់អគារការិយាល័យ ដែលមានកំពស់តែមួយជាន់នៅសហរដ្ឋអាមេរិក ត្រូវចំណាយជាមធ្យម៣១៣ដុល្លារក្នុងមួយហ្វីតការ៉េ។ ចំណែក ការសាងសង់អគារការិយាល័យប្រភេទ Mid-rise ត្រូវចំណាយជាមធ្យម៥៦២ដុល្លារក្នុងមួយហ្វីតការ៉េ ខណៈការសាងសង់អគារការិយាល័យខ្ពស់ៗ ត្រូវចំណាយជាមធ្យម៦៦០ដុល្លារក្នុងមួយហ្វីតការ៉េ។

កត្តា ដែលបានបណ្តាលឱ្យការចំណាយលើការសាងសង់ការិយាល័យហក់ឡើងខ្ពស់ រួមមានដូចជា សម្ភារៈសំណង់ដែលមានតម្លៃថ្លៃជាងមុន និងតម្លៃពលកម្មកាន់តែខ្ពស់។

លើសពីនេះការចាប់ផ្តើមសាងសង់អគារការិយាល័យថ្មីជួបប្រទះភាពយឺតយ៉ាវបន្ថែមទៀត ដោយសារបរិយាកាសផ្តល់ប្រាក់កម្ចីមានភាពពិបាកខ្លាំង។

យោងតាមរបាយការណ៍ថ្មីៗនេះ ដែលចងក្រងដោយទីភ្នាក់ងារអចលនទ្រព្យ JLL បានបង្ហាញថា តម្លៃជួលការិយាល័យជាមធ្យមនៅសហរដ្ឋអាមេរិកបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

កាលពីឆ្នាំ២០១៩កន្លងទៅ តម្លៃជួលការិយាល័យជាមធ្យមនៅសហរដ្ឋអាមេរិក គឺ៣២,១៤ដុល្លារក្នុងមួយហ្វីតការ៉េ ខណៈក្នុងឆ្នាំ២០២០ តម្លៃជួលការិយាល័យជាមធ្យមនៅសហរដ្ឋអាមេរិកបានកើនឡើងដល់៣៣,២៥ដុល្លារក្នុងមួយហ្វីតការ៉េ។

ទោះបីជាយ៉ាងនេះក្តី ជាមួយនឹងការចាប់ផ្តើមឡើងនៃជំងឺរាតត្បាតកូវីដ-១៩ និងឥទ្ធិពលជាបន្តបន្ទាប់ទៅលើសេដ្ឋកិច្ច នៅឆ្នាំ២០២១ តម្លៃជួលការិយាល័យជាមធ្យមនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះបន្តិចមកនៅត្រឹម៣០,១៥ដុល្លារក្នុងមួយហ្វីតការ៉េ។

ទីផ្សារការិយាល័យនៅសហរដ្ឋអាមេរិកបានបន្តធ្លាក់ចុះរហូតដល់ត្រីមាសទី៣ នៃឆ្នាំនេះ។ សកម្មភាពជួលបានថយចុះ ជិតដល់កម្រិតឆ្នាំ២០២០ ដោយសារទស្សនវិស័យសេដ្ឋកិច្ចនៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ។

តម្លៃនៃការជួលបានបន្តកើនឡើង ស្របពេលដែលអគារការិយាល័យថ្មី ដែលមានគុណភាពកាន់តែខ្ពស់ជាងមុន ត្រូវបានផ្គត់ផ្គង់បន្ថែមចូលទៅក្នុងទីផ្សារ ដោយឈានដល់៣៩,៥០ដុល្លារក្នុងមួយហ្វីតការ៉េ នៅក្នុងត្រីមាសទី៣ ពោលគឺកើនឡើង០,៥% ធៀបនឹងត្រីមាសទី២៕(១ហ្វីតការ៉េ=0.0929 ម៉ែត្រការ៉េ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here