សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងបំពេញដំណើរទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសវៀតណាមនៅសប្តាហ៍ក្រោយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា គ្រោងនឹងបំពេញដំណើរទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសវៀតណាម នៅសប្តាហ៍ក្រោយនេះតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh។

យោងតាមក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា ដំណើរ ទស្សនកិច្ចនេះគ្រោងនឹងរៀបចំធ្វើឡើង ចាប់ពីថ្ងៃ ទី១១ ដល់ថ្ងៃទី១២ ខែធ្នូឆាប់ៗខាងមុខនេះ។

នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់សម្តេចធិបតីហ៊ុន ម៉ាណែតទៅកាន់ប្រទេសវៀតណាម គិតចាប់ តាំងពីសម្តេចបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៃកម្ពុជាកាលពីខែសីហាកន្លងទៅ។

ប្រទេសវៀតណាម និង កម្ពុជា បានបង្កើតទំនាក់ទំនងការទូតនៅ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ហើយទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសជិតខាងទាំង២ បានឈានដល់ទំហំទឹកប្រាក់ជាង១០,៥៧ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើងជិត១១% បើធៀបនឹងឆ្នាំ២០២១។

ក្នុងរយៈពេល៩ខែដំបូងដើមឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំង២សម្រេចបានទំហំទឹកប្រាក់ចំនួន៦,៥ពាន់លានដុល្លារ។ ជាមួយគ្នានេះ វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតទី៣របស់កម្ពុជា និង ជាដៃគូ ពាណិជ្ជកម្មធំបំផុតទី១របស់កម្ពុជាក្នុងតំបន់អាស៊ាន។

បច្ចុប្បន្ន វៀតណាមមានគម្រោងវិនិយោគសកម្មចំនួន២០៥គម្រោង នៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីសរុបចំនួន២,៩៤ពាន់លានដុល្លារ ដោយជាប់ចំណាត់ថ្នាក់កំពូលទី១ជាប្រភពវិនិយោគធំបំផុតនៅកម្ពុជា បើគិតក្នុងតំបន់អាស៊ាន និងស្ថិតក្នុងចំណោមប្រទេសកំពូលចំនួន៥នៅលើពិភពលោក ដែលមានទុនវិនិយោគច្រើនជាងគេនៅកម្ពុជា។

លើសពីនេះកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេស និងដែនដីចំនួន៧៩ ដែលវៀតណាមបាន បោះទុនវិនិយោគនៅក្រៅប្រទេស។ ម្យ៉ាងវិញទៀត ប្រទេសទាំងពីរក៏បានបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខផងដែរ៕Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here