វិស័យសំណង់ងើបឡើងវិញ ខណៈរយៈពេល១០ខែឆ្នាំនេះ ទុនវិនិយោគក្នុងវិស័យនេះបានហក់ឡើងខ្ពស់

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញមើលឃើញ ពីការងើបឡើងវិញនៃវិស័យ​សំណង ខណៈ១០ខែដើមឆ្នាំនេះ ក្រសួងរៀបចំដែនដី នគរូបនីយ កម្មនិងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ នៅទូទាំងប្រទេ​សមានជិត៣ពាន់គម្រោង ជាមួយទុនវិនិយោគប្រមាណ៥ពាន់លាន ដុល្លារអាមេរិក។

យោងតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងគម្រោងដែលត្រូវបានអនុញ្ញាតសាងសង់នោះ មានគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងមានចំនួន ១៤៦គម្រោង ស្មើនឹង១៥៤ អគារ បុរីលំនៅឋាននិងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន៧៩គម្រោង ស្មើនឹងជិត២ម៉ឺនខ្នង និងសំណង់អគារពហុមុខងារមានចំនួន១៨ គម្រោង ដោយទុនវិនិយោគ បានកើនឡើងទ្វេរដង បើប្រៀបធៀបនិងរយៈពេលដូចគ្នា ជាមួយឆ្នាំ២០២២ ។សមិទ្ធផលលើវិស័យសំណង់ និងវិស័យផ្សេងៗនៅទូទាំងប្រទេសអាចកើតឡើងបាន ដោយសារតែប្រទេសមានសន្តិភាព ស្ថេរ​ភាពនយោបាយ សន្តិសុខសង្គម ឯករាជ្យជាតិ ការធានានូវអធិប​តេយ្យជាតិ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលផ្តល់នូវទំនុកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ក្នុងការជំរុញនូវការ អភិវឌ្ឍប្រទេសជាតិឲ្យបន្តរីកចម្រើនទៅមុខ ឥតឈប់ឈរលើគ្រប់វិស័យ ព្រមទាំងបន្តលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ និងលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ក្នុងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិ បានលើកឡើងថា វិស័យសំណង់ និងអលនទ្រព្យ ដែលជាវិស័យមួយ បានជួយគាំទ្រដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិនោះ បានងើបឡើងវិញជាបណ្តើរៗហើយ ជាពិសេសតាមរយៈរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ នៃរដ្ឋសភាក៏បានជួយជ្រោមជ្រែង និងជំរុញ ព្រមទាំងរកដំណោះស្រាយចំពោះសំណង់មួយចំនួន ដែលនៅជាប់គាំង និងបានផ្អាកដំណើរការសាងសង់កន្លងមក ដោយសារវិបត្តិជំងឺកូវីដ១៩ ដែលបានធ្វើឱ្យសេដ្ឋកិច្ចសកលធ្លាក់ចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here