ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារពត៌មានអាមេរិក CNN បានចុះផ្សាយថា ក្រុមស្ថាបត្យករបាន បង្ហាញការរចនាគម្រោងសាងសង់អគារសាខា ថ្មី ដ៏ ធំ មួយរបស់ក្រុមហ៊ុន បច្ចេកវិទ្យា យក្សចិន Tencent ដោយចាត់ទុកគម្រោងនេះជា “ទីស្នាក់ការកណ្តាលនៃអនាគត”។
អគារទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុន Tencent ខាងលើនេះនឹងត្រូវដាក់ឈ្មោះថា Tencent Helix ដែលនឹងមានទំហំជិតពីរដងនៃទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនអាមេរិក Apple នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។
អគារទីស្នាក់ការកណ្តាលថ្មីនេះមានទំហំជិត៥០០.០០០ម៉ែត្រការ៉េ ហើយគ្រោងនឹងបើកដាក់ឱ្យដំណើរការនៅក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដោយអាចទទួលបុគ្គលិកបម្រើការងារជាង២៣.០០០នាក់។
ក្រុមហ៊ុនស្ថាបត្យកម្មខ្នាតអន្តរជាតិ Büro Ole Scheeren ដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ បានយកឈ្នះលើការប្រកួតប្រជែងសម្រាប់ការរចនាទីស្នាក់ការកណ្តាលសកលមួយនេះ ដែលមានទីតាំងនៅទីក្រុង Shenzhen។
គម្រោងដ៏ធំនេះត្រូវបានបង្ហាញជាលើកដំបូងដោយក្រុមហ៊ុន Tencent ក្នុងឆ្នាំ២០២០។ បច្ចុប្បន្ន អគារទីស្នាក់ការកណ្តាលថ្មីនេះកំពុងត្រូវបានសាងសង់នៅលើកំណាត់ដី ដែលលយចេញទៅក្នុងមាត់ទន្លេគុជ Pearl River។
អគារទីស្នាក់ការកណ្តាលថ្មី Tencent Helix នឹងតភ្ជាប់ទៅតំបន់ផ្សេងៗទៀតនៃទីក្រុង Shenzhen តាមរយៈសាឡាង និងប្រព័ន្ធរថភ្លើងក្រោមដីរបស់ទីក្រុង។
អគារ Tencent Helix ត្រូវបានគេរំពឹងថា នឹងបើកដាក់ឱ្យដំណើរការបានទាន់ពេលសម្រាប់អបអរខួបលើកទី៣០ នៃការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា Tencent នៅឆ្នាំ២០២៨ ហើយវានឹងជំនួសការិយាល័យធំបច្ចប្បន្ននៅទីក្រុង Shenzhen របស់ក្រុមហ៊ុន Tencent ក្នុងនាមជាទីស្នាក់ការកណ្តាលសកលរបស់ខ្លួន។
គម្រោង Tencent Helix នឹងសង្កត់ធ្ងន់ទៅលើការធ្វើដំណើរដោយថ្មើជើង និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដោយគម្រោងក៏នឹងដាក់បន្ថែមរចនាបថពណ៌បៃតង ព្រមទាំង ប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនិរន្តភាព (sustainable technology)ផងដែរ។
អគារទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុនមួយនេះ ក៏ស្ថិតនៅជិតនឹងតំបន់លំនៅដ្ឋាន ដែលមានទាំង សាលារៀន ផ្ទះ កន្លែងលក់រាយ (retail spaces) អគារការិយាល័យផ្សេងទៀត និងកន្លែងផ្គត់ផ្គង់ផ្សេងៗដ៏សំបូរបែប។
តំបន់ដែលពោរពេញទៅ ដោយពណ៌បៃតងដ៏ធំ គឺស្ថិតនៅចំផ្នែកកណ្ដាលរបស់គម្រោង ដែលនឹងត្រូវបានប្រើសម្រាប់អ្នកថ្មើរជើង និងអ្នកជិះកង់ ដោយ រាល់ចរាចរណ៍យានយន្តទាំងអស់ត្រូវបានបង្វែរទៅកន្លែងផ្សេង។
បន្ថែមពីលើរចនាបថពណ៌បៃតង គម្រោង Tencent Helix នឹងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនិរន្តរភាព (sustainable technology) អាចប្រើប្រាស់ធនធានកកើតឡើងវិញ ដែលមានបំពាក់ឧបករណ៍ជំនួយមួយចំនួន ដូចជា បន្ទះសូឡានៅលើដំបូល សម្រាប់ស្រូបថាមពលព្រះអាទិត្យ និង ឧបករណ៍ចាប់សញ្ញាដែលត្រូវបានប្រើ ដើម្បីតាមដានដំណើរការ បរិស្ថាន និងបង្ហាញពីហានិភ័យទឹកជំនន់។ សម្រាប់ទឹកភ្លៀង ក៏នឹងត្រូវបានប្រមូលស្តុកទុក និងប្រើប្រាស់ផងដែរ៕