ដោយៈ គង់ សូរិយា
ភ្នំពេញៈ បញ្ហាគាំងលំហូរសាច់ប្រាក់ បាននិងកំពុងក្លាយជាបញ្ហាប្រឈមមួយនៅកម្ពុជា ដែលត្រូវមានការដោះស្រាយជាមួយយន្តការឈ្នះឈ្នះទាំងអស់គ្នារវាងរដ្ឋាភិបាល វិស័យឯកជននិងប្រជាពលរដ្ឋ។
លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងកាលពីចុងសប្តាហ៍មុនថា បើទោះបីជាបញ្ហាវិបត្តិសេដ្ឋកិច្ច ធ្វើឱ្យប្រជាពលរដ្ឋខ្វះលទ្ធភាព សងត្រឡប់ទៅធនាគារវិញក៏ដោយ ប៉ុន្តែអ្នកជាប់បំណុលមិនអាច មិនសងទៅធនាគារវិញបានទេ ព្រោះធនាគារត្រូវការប្រាក់ចំណេញ ដើម្បីធ្វើឱ្យខ្លួនមាននិរន្តភាពក្នុងអាជីវកម្ម និងត្រូវបង់ការប្រាក់ទៅដល់អ្នកដាក់បញ្ញើ និងទៅកាន់ប្រភពទុនពីក្រៅប្រទេស។លោកបានបញ្ជាក់ថា “ការរួមចំណែកដោះស្រាយទាំងអស់គ្នា គឺជាយុទ្ធសាស្រ្តដ៏សំខាន់បំផុត ដើម្បីធ្វើឱ្យវិស័យធនាគារបន្តភាពរឹងមាំ និងរក្សាបាននូវលំនឹងអាជីវកម្ម”។
លោកបានពន្យល់ថា ប្រសិនបើប្រជាពលរដ្ឋ បានជួបបញ្ហាហើយបាត់បង់ចំណូលទាំងស្រុង ត្រូវតែរាយការណ៍ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ហើយចំពោះគ្រឹះស្ថានធនាគារវិញ គួរតែជូនដំណឹងទៅភ្នាក់ងាររបស់ខ្លួនឱ្យបានយល់ ប្រសិនបើក្នុងលក្ខខណ្ឌ ដែលប្រជាពលរដ្ឋ គ្មានលទ្ធភាពសងពិតប្រាកដ ត្រូវមានរបាយការណ៍ជូនទៅធនាគារជាតិ និងរកវិធីដោះស្រាយ។ បើមិនដូច្នេះទេ ប្រជាពលរដ្ឋដែលជាប់បំណុលទាំងនោះ នឹងងាយធ្លាក់ចូលទៅក្នុងភាពក្រីក្រ។
លោកបណ្ឌិតគី សេរីវឌ្ឍន៍បានបន្ថែមថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិ ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់ពីបញ្ហានេះ ដើម្បីពន្យារ ឬផ្អាកការបង់មួយរយៈសិន ឬរដ្ឋាភិបាលត្រូវជួយទំនុកបំរុងបង្កើតមុខរបរ បង្កើតការងារ ឱ្យពួកគាត់មានការងារធ្វើ។
លោកបន្តថា រីឯអ្នកដែលបានបាត់បង់ការងារ ឬមុខរបរវិញ អាចមកចូលរៀនជំនាញវិជ្ជាជីវៈ ដែលរាជរដ្ឋាលបាននឹងកំពុងដាក់ចេញយុទ្ធសាស្រ្ត ផ្តល់ការបណ្តុះបណ្តាលដល់កម្លាំង ជំនាញ១លានសែននាក់។ នៅពេលដែលប្រជាពលរដ្ឋ មានលទ្ធផលរកការងារបាន រកចំណូលបាន នោះពួកគាត់នឹងមានលទ្ធភាពសងបំណុល ត្រឡប់វិញ។ចំណែកអ្នកដែលបាត់បង់ចំណូលខ្លះ គួរស្នើសុំធ្វើឥណទានឡើងវិញ ដើម្បីជួយកាត់បន្ថយចំនួនប្រាក់បង់សងប្រចាំខែ ទៅដល់ធនាគារវិញ។លោកបណ្ឌិតគី សេរីវឌ្ឍន៍បញ្ជាក់។លោកបន្តដោយពន្យល់ថា ការធ្វើឥណទានឡើងវិញ គឺមានសារៈសំខាន់ណាស់ សម្រាប់ជួយពលរដ្ឋដែលរងផលប៉ះពាល់ ជួយកាត់បន្ថយភាពក្រីក្រី ព្រមទាំងការស្តារស្ថានភាព ដ៏លំបាករបស់ប្រជាពលរដ្ឋ។ ប៉ុន្តែយ៉ាងនេះក្តី ការសម្របសម្រួលរបស់រដ្ឋាភិបាល ទៅលើការរៀបចំឥណទានឡើងវិញនេះ គឺសំខាន់ណាស់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនោះ និងកុំឱ្យវិស័យធានាគារចូលទៅក្នុងវិបត្តិ។
សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានអំពាវនាវឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ និងអ្នកអភិវឌ្ឍន៍នានាជួយសម្រួល និងរៀបចំឥណទានឡើងវិញ ពិសេសមិនអនុញ្ញាត្តឲ្យធនាគារ មីក្រូហិរញ្ញវត្ថុ និងអ្នកអភិវឌ្ឍន៍នានារឹបអូសយកអចលទ្រព្យរបស់ប្រជាពលរដ្ឋនោះទេ៕