ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានឱ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ឧស្សាហកម្មអាកាសចរណ៍ពិភពលោកត្រូវបានគេរំពឹងថានឹងកើនឡើងដល់២៥,៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដែលតំណាងឱ្យអនុបាតប្រាក់ចំណេញសុទ្ធក្នុងរង្វង់២,៧ភាគរយ។
សមាគម IATA បានគូសបញ្ជាក់ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្រាប់ឆ្នាំ២០២៣នេះ ឧស្សាហកម្មអាកាសចរណ៍ពិភពលោកត្រូវបានគេរំពឹងថា នឹងបង្កើតបានប្រាក់ចំណេញសុទ្ធចំនួន២៣,៣ពាន់លានដុល្លារ ជាមួយនឹងអនុបាតប្រាក់ចំណេញសុទ្ធក្នុងរង្វង់២,៦ភាគរយ។
សេចក្តីថ្លែងការណ៍បានបន្តថា ប្រាក់ចំណេញប្រតិបត្តិការរបស់ឧស្សាហកម្មអាកាសចរណ៍ពិភពលោកត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៤៩,៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ កើនឡើងពី៤០,៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។
ចំណែក ប្រាក់ចំណូលសរុបរបស់ឧស្សាហកម្មអាកាសចរណ៍ក្នុងឆ្នាំ២០២៤ ត្រូវបានគេរំពឹងថានឹងកើនឡើង៧,៦ភាគរយធៀបនឹងឆ្នាំ២០២៣ ដល់កម្រិតខ្ពស់បំផុត៩៦៤ពាន់លានដុល្លារ។
សមាគម IATA បានធ្វើការព្យាករណ៍ថា មនុស្សប្រហែល៤,៧ពាន់លាននាក់នឹងធ្វើដំណើរតាមផ្លូវអាកាសនៅឆ្នាំ២០២៤ បើធៀបនឹង៤,៥ពាន់លាននាក់ក្នុងឆ្នាំ២០១៩ ពោលគឺលើសពីកម្រិតមុនផ្ទុះជំងឺរាតត្បាតទៅទៀត។
រីឯ បរិមាណដឹកជញ្ជូនទំនិញតាមផ្លូវអាកាសត្រូវបានគេរំពឹងថា នឹងឈានដល់៥៨លានតោន និង៦១លានតោនក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ រៀងៗគ្នា។
លោក Willie Walsh អគ្គនាយកសមាគម IATA បានលើកឡើងថា ដោយពិចារណាលើការខាតបង់ធំៗក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រាក់ចំណេញសុទ្ធចំនួន២៥,៧ពាន់លានដុល្លារដែលរំពឹងទុកសម្រាប់ឆ្នាំ២០២៤ គឺជាភស្តុតាង ដែលបង្ហាញពីភាពធន់របស់វិស័យអាកាសចរណ៍៕