តើវិស័យអចលនទ្រព្យលំនៅដ្ឋាននៅប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី កំពុងមានសភាពបែបណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: នៅឆ្នាំ២០២៣នេះ វិស័យអចលនទ្រព្យលំនៅដ្ឋាននៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ហាក់ដូចជាបានកម្រើកឡើងវិញ និងបង្ហាញសញ្ញាវិជ្ជមាន ក្រោយពីដាំក្បាលចុះជាខ្លាំងក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។

ខាងក្រោមនេះគឺជាទិន្នន័យ និងស្ថានភាពពិតនៃវិស័យអចលនទ្រព្យលំនៅដ្ឋាននៅក្នុងប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី គិតត្រឹមត្រីមាសទី៣ ឆ្នាំនេះ។

ទី១: ប្រទេសសិង្ហបុរី
ផ្អែកលើការប៉ាន់ស្មានបឋមរបស់អាជ្ញាធរ អភិវឌ្ឍន៍ទីក្រុង (URA​) បានបង្ហាញថា សន្ទស្សន៍តម្លៃផ្ទះឯកជនប្រភេទnon-landed នៅប្រទេសសិង្ហបុរី បានកើនឡើង២,១% នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ បន្ទាប់ពីធ្លាក់ចុះ០,៦%នៅក្នុងត្រីមាសទី២។

នៅក្នុងរយៈពេល៩ខែដំបូង ដើមឆ្នាំ២០២៣នេះ តម្លៃផ្ទះប្រភេទ non-landed បានកើនឡើងក្នុងរង្វង់៤,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

ចំណែក ប្រតិបត្តិការលក់ផ្ទះសរុបក្នុងត្រីមាសទី៣ ឆ្នាំ២០២៣​នេះ បានធ្លាក់ចុះ១៧,៤ភាគរយ មកនៅត្រឹម៤.២១៥ប្រតិបត្តិការ បើប្រៀបធៀបនឹងប្រតិបត្តិការលក់ផ្ទះ ចំនួន៥.១០៤ប្រតិបត្តិការ នៅត្រីមាសទី២។

ទី២: ប្រទេសឥណ្ឌូនេស៊ី
ទីផ្សារលំនៅដ្ឋានក្នុងប្រទេសឥណ្ឌូនេស៊ី នៅតែបន្តស្ថិតក្រោមសម្ពាធ ខណៈដែលការបោះឆ្នោតសកលនៅឆ្នាំ២០២៤ កំពុងក្លាយជាបញ្ហាដែលបណ្តាល ឱ្យមានការធ្លាក់ចុះនៃទីផ្សារអាផាតម៉ិន។

គិតរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៣នេះ ទីផ្សារអាផាតម៉ិន​នៅក្នុងប្រទេសឥណ្ឌូនេស៊ី មិនបានបង្ហាញពីសញ្ញាណាមួយនៃកំណើននោះទេ។

ការថយចុះនៃតម្រូវការ ក៏អាចបណ្តាលមកពីកង្វះនៃជម្រើស ដែលអាចរកបាន ពីគម្រោងដែលមានស្រាប់ គួបផ្សំនឹងអវត្តមាននៃគម្រោងដែលទើបនឹងចាប់ផ្តើមដំណើរការថ្មី។

ទី៣: ប្រទេសម៉ាឡេស៊ី
ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ី បានបង្ហាញពីកំនើន​វិជ្ជមាន នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ ជាមួយនឹងការកើនឡើង៣,៧% នៅក្នុងបរិមាណ និង២២,៦%នៅក្នុងតម្លៃ បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២២។

ជាមួយគ្នានេះ វិស័យលំនៅដ្ឋានបានបន្តគាំទ្រ និងជំរុញសកម្ម​ភាពទីផ្សារអចលនទ្រព្យទាំងមូល ដោយវិស័យលំនៅដ្ឋានបានកាន់កាប់ចំណែក៦២,៩% នៃបរិមាណប្រតិបត្តិការសរុបជាង១០០.០០០ប្រតិបត្តិការនៅត្រីមាសទី៣។

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ សន្ទស្សន៍តម្លៃផ្ទះនៅប្រទេ​សម៉ាឡេស៊ី (MHPI) បានឈរនៅកម្រិត២១២,៦ពិន្ទុ ឬប្រហែលជាង៩៨.០០០ដុល្លារ ក្នុងមួយយូនីត រួមជាមួយនឹងកំណើនប្រចាំឆ្នាំតិចតួចបំផុតក្នុងរង្វង់០,១%ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here