តើមូលនិធិ IMF ចាប់បដិសន្ឋិឡើងចាប់តាំងពីពេលណា ហើយប្រទេសណាខ្លះជាម្ចាស់ភាគហ៊ុនធំជាងគេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គឺជាស្ថាប័នអន្តរជាតិមួយ ដែលជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ស្ថិរភាពហិរញ្ញវត្ថុ ពាណិជ្ជកម្មអន្តរជាតិ និងកាត់បន្ថយភាពក្រីក្រ។

មូលនិធិរូបិយវត្ថុអន្តរជាតិបានចាប់បដិសន្ឋិឡើង កាលពីឆ្នាំ១៩៤៤ ក្រោយពី វិបត្តិសេដ្ឋកិច្ចឆ្នាំ១៩៣០ ហើយកម្ពុជាបានចូលជាសមាជិករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ កាលពីថ្ងៃទី៣១ ខែធ្នូឆ្នាំ១៩៦៩។

សព្វថ្ងៃនេះ ប្រទេស ដែលជាសមាជិកភាពរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)មានចំនួន១៩០ប្រទេស ដោយមានបុគ្គលិកមកពី១៥០ប្រទេស។ ស្ថាប័នដ៏ធំមួយនេះមានទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងវ៉ាសុីនតោន ឌីសុី នៃសហរដ្ឋអាមេរិក។

មូលនិធិ IMF ត្រូវបានគ្រប់គ្រង និងទទួលខុសត្រូវចំពោះប្រទេសទាំង១៩០ ដែលជាសមាជិកភាពនៅទូទាំងពិភពលោក។ ក្បាលម៉ាស៊ីននៃរចនាសម្ព័ន្ធរៀបចំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ គឺក្រុមប្រឹក្សាភិបាល។

ការងារប្រចាំថ្ងៃរបស់មូលនិធិ IMF ត្រូវបានត្រួតពិនិត្យ ដោយក្រុមប្រឹក្សាប្រតិបត្តិ ដែលមានសមាជិក២៤រូប ដែលតំណាងឱ្យសមាជិកភាពទាំងអស់ និងគាំទ្រដោយបុគ្គលិករបស់ IMF ។ នាយកគ្រប់គ្រងគឺជាប្រធានបុគ្គលិក IMF និងជាប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ ដោយមានអនុប្រធានគ្រប់គ្រងចំនួន៤រូប។

ធនធាន ឬដើមទុនភាគច្រើនរបស់មូលនិធិ IMF ទទួលបានមកពីប្រាក់ ដែលប្រទេសនានាបង់ជាដើមទុន ឬកូតា នៅពេលពួកគេក្លាយជាសមាជិក។

ធនធានសរុបបច្ចុប្បន្នរបស់មូលនិធិ IMF មានទំហំទឹកប្រាក់ប្រហែល៩៨២ពាន់លាន SDR និងប្រែក្លាយទៅជាសមត្ថភាពសម្រាប់ការផ្តល់ប្រាក់កម្ចីប្រហែល៦៩៥ពាន់លាន SDR (ប្រហែល៩៣២ពាន់លានដុល្លារ) គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំនេះ។

សហរដ្ឋអាមេរិក ដែលមានសិទ្ធិវ៉េតូលើការសម្រេចចិត្តរចនាសម្ព័ន្ធសំខាន់ៗរបស់ IMF គឺជាម្ចាស់ភាគហ៊ុនធំជាងគេ ដោយកាន់កាប់ចំណែក១៦,៥% នៃអំណាចបោះឆ្នោតរបស់មូលនិធិ IMF តាមពីក្រោយដោយជប៉ុន (៦,១៤%) ចិន(៦,០៨%) និងអាល្លឺម៉ង់(៥,៣១%)។

បំណុលសរុបជាសកល(outstanding debt) ដែលគេជំពាក់ IMF មានចំនួន១៥៥ពាន់លានដុល្លារគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយសារតែផលប័ត្រប្រាក់កម្ចីរបស់ IMF បានពង្រីក បន្ទាប់ពីស្ថាប័ននេះ បានព្រមព្រៀងផ្តល់ថវិកាសង្គ្រោះនាពេលថ្មីៗនេះ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងជួបបញ្ហា។

ប្រទេសអាហ្សង់ទីនជាប់ចំណាត់ថ្នាក់លេខ១ជាកូនបំណុលធំជាងគេរបស់IMF ពោលគឺជំពាក់៤៦ពាន់លានដុល្លារ អេហ្ស៊ីបឈរនៅលេខ២ ជំពាក់១៨ពាន់លានដុល្លារ អ៊ុយក្រែនជាប់លេខ ៣ ជំពាក់១២,២ ពាន់លានដុល្លារ អេក្វាឌ័រ ជាប់លេខ៤ ជំពាក់៨,២ពាន់លានដុល្លារ ហើយប៉ាគីស្ថានឈរនៅលេខ៥ ជំពាក់៧,៤ពាន់លានដុល្លារ។

មូលនិធិរូបិយវត្ថុអន្តរជាតិផ្តល់ប្រាក់កម្ចី រួមទាំងប្រាក់កម្ចីសង្គ្រោះបន្ទាន់ដល់ប្រទេសជាសមាជិក ដែលជួបប្រទះបញ្ហាសមតុល្យនៃជញ្ជីងពាណិជ្ជកម្ម ក្នុងគោលបំណង ដើម្បីជួយដល់ប្រទេសជាសមាជិក ក្នុងការបង្កើតទុនបម្រុងអន្តរជាតិ រក្សាស្ថិរភាពរូបិយប័ណ្ណក្នុងស្រុក មានប្រាក់សម្រាប់បង់លើការនាំចូល និងស្តារលក្ខខណ្ឌសម្រាប់កំណើនសេដ្ឋកិច្ចឱ្យបានរឹងមាំ។

មូលនិធិរូបិយវត្ថុអន្តរជាតិធ្វើការត្រួតពិនិត្យប្រព័ន្ធរូបិយវត្ថុអន្តរជាតិ និងការវិវត្តនៃសេដ្ឋកិច្ចពិភពលោកដើម្បីកំណត់ហានិភ័យ និងណែនាំគោលនយោបាយសម្រាប់កំណើន និងស្ថិរភាពហិរញ្ញវត្ថុពិភពលោក។ មូលនិធិ IMF ក៏ត្រួតពិនិត្យស្ថានភាពជាប្រចាំលើគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងប្រទេសជាសមាជិកទាំង១៩០ របស់ខ្លួនផងដែរ។

លើសពីនេះ IMF ជួយកំណត់ហានិភ័យ ដែលអាចកើតមានចំពោះស្ថិរភាពសេដ្ឋកិច្ចនៃប្រទេសជាសមាជិករបស់ខ្លួន និងផ្តល់ជូនជាយោបល់ដល់រដ្ឋាភិបាលនៃប្រទេសសមាជិកអំពីការកែសម្រួលគោលនយោបាយឱ្យស្របតាមកាលៈទេសៈ។

ជាមួយគ្នានេះ IMF ផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលដល់រដ្ឋាភិបាលនៃប្រទេសសមាជិក រួមមានធនាគារកណ្តាល ក្រសួងហិរញ្ញវត្ថុ រដ្ឋបាលចំណូល និងទីភ្នាក់ងារត្រួតពិនិត្យវិស័យហិរញ្ញវត្ថុ។  ការបណ្តុះបណ្តាលនេះក៏ជួយដល់ប្រទេសជាសមាជិក ក្នុងការដោះស្រាយបញ្ហាឆ្លងដែន ដូចជាវិសមភាពប្រាក់ចំណូល សមភាពយេនឌ័រ អំពើពុករលួយ និងការប្រែប្រួលអាកាសធាតុផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here