អ្នកជំនាញអន្តរជាតិៈយុគមាសនឹងកើតមាននៅកម្ពុជាម្តងទៀត នារយៈពេល១០ឆ្នាំខាងមុខ

0

ដោយៈជេស៊ីកា
ភ្នំពេញៈ ក្រុមអ្នកជំនាញអន្តរជាតិបានអះអាងថា យុគមាសនឹងកើតមានជាថ្មីនៅកម្ពុជា ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដោយសារកត្តាមួយចំនួន។

លោកDato Dr Albert Tanប្រធាននៃវេទិកាAPC ប្រចាំប្រទេសម៉ាឡេស៊ី និងអាស៊ីប៉ាស៊ីហ្វិកបានលើកឡើងក្នុងវេទិកាមួយ ដែលប្រារពធ្វើនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកវិនិយោគ មកពីទីក្រុងហុងកុង ម៉ាឡេស៊ី និងប្រទេសចិន កាលពីចុងសប្តាហ៍មុនថា កម្ពុជាមានសក្តានុពល សម្រាប់ការរីកចម្រើនរយៈពេលវែងបន្តទៀតលើវិស័យអចលនទ្រព្យ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានមិនល្អពីបណ្តាប្រទេសមួយចំនួន បានធ្វើឲ្យជនបរទេស និងអ្នកធុរកិច្ចអន្តរជាតិជាច្រើនខ្លាចរអា មិនហ៊ានមកកាន់កម្ពុជា។
លោកបន្តថា “បន្តិចម្តងៗ នៅពេលអ្នកវិនិយោគបានដឹងពីព័ត៌មាន និងឱកាសវិនិយោគល្អៗនៅទីនេះ ពួកគេនឹងមកកាន់តែច្រើន”។
លោកDato Dr Albert Tanបានបន្តថា មានកត្តាអំណោយផលជាច្រើន ដែលនឹងធ្វើឲ្យកម្ពុជាកើតមានយុគមាសម្តងទៀត ទី១ ព័ត៌មានល្អៗកាន់តែច្រើនពីកម្ពុជា ត្រូវបានផ្សព្វផ្សាយទៅកាន់អន្តរជាតិ ការ ទី២ ការមកដល់របស់អ្នកវិនិយោគអន្តរជាតិ និងអ្នកជំនាញ ដែលពួកគេ គឺជាធនធានដ៏សំខាន់សម្រាប់ប្រទេសនេះ ទី៣ សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញលឿន ទី៤ ការខិតខំរបស់រដ្ឋាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគលើឆាកអន្តរជាតិ។លោកបន្តថា “អ្នកវិនិយោគជាច្រើន ដែលខ្ញុំបាននាំមកទីនេះ ពួកគេបានចាប់អារម្មណ៍ និងកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា”។

លោកDato Dr Albert Tan បានរៀបចំវេទិកាជំនួបអ្នកធុរកិច្ចអន្តរជាតិ២ដងក្នុងមួយឆ្នាំ ទៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីអ្នកវិនិយោគចិន កូរ៉េ ជប៉ុន និងបណ្តាអ្នកធុរកិច្ចមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន។លោកបាននាំនិងគៀងគរ អ្នកធុរកិច្ចអន្តរជាតិជាច្រើ់នមកទស្សនា និងស្វែងរកឱកាសវិនិយោគ នៅកម្ពុជារៀងរាល់មួយខែម្តង។
អ្នកធុរកិច្ចមកពីទីក្រុងហុងកុង តៃវ៉ាន់ ម៉ាឡេស៊ីជាច្រើនបានសម្តែងការភ្ញាក់ផ្អើល នៅពេលពួកគេមកដល់កម្ពុជា ដែលអ្វីពួកគេឃើញគឺខុសពីការផ្សព្វផ្សាយព័ត៌មានជាច្រើន ដែលបាននិយាយអាក្រក់ពីប្រទេសនេះ។
ក្រុមអ្នកធុរកិច្ចទាំងនោះពួកគេសន្យា នឹងមកកាន់កម្ពុជាម្តងទៀត ហើយនឹងស្វែងរកឱកាស និងចាប់យកសក្តានុពលដើម្បីវិនិយោគនៅកម្ពុជា។

លោកDr Ben Li អគ្គនាយកក្រុមហ៊ុនUrban Land ជាអ្នកវិនិយោគដ៏ធំមកពីទីក្រុងហុងកុង ដែលបានចំណាយទុនរាប់រយលានដុល្លារនៅកម្ពុជា បានមានប្រសាសន៍ និងជម្រុញអ្នកវិនិយោគអន្តរជាតិ ចាប់យកឱកាសវិនិយោគនៅកម្ពុជា ដោយសារប្រទេសនេះ មានសក្តានុពលជាច្រើន និងជាប្រទេសមានភាពលេចធ្លោ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ច កត្តាប្រជាសាស្រ្ត ស្ថេរភាពសង្គម នយោបាយជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here