ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការរៀបចំតំបន់អភិវឌ្ឈន៍ឬZoning បាននិងកំពុងត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដើម្បីទាក់ទាញការវិនិយោគ និងរៀបចំបែបផែននៃការអភិវឌ្ឍប្រកបដោយចីរភាព។បច្ចុប្បន្នខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងបណ្តាខេត្តមួយចំនួនទៀត បានរៀបចំប្លង់គោលអភិវឌ្ឍន៍រួចហើយ។
អ្វីដែលគួរឲ្យកត់សំគាល់ គឺខេត្តសក្ដានុពលចំនួន ២ រួមមានខេត្តព្រះសីហនុ និងខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលអាណត្តិមុន និងអាណត្តិនេះ កំពុងបន្តយកចិត្តទុកដាក់ដោយរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបែងចែកប្រភេទដី ដើម្បីបង្កភាពងាយស្រួល ក្នុងការទាក់ទាញវិនិយោគិនក្នុង និងក្រៅប្រទេសចូលមកបណ្ដាក់ទុនវិនិយោគ ។
ខេត្តទាំងពីរនេះ ត្រូវបានរាជរដ្ឋាភិបាលចំណាយទុនខ្ទង់រយលានដុល្លារអាមេរិក ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង សម្រួលការធ្វើដំណើរ និងរៀបចំបានឱ្យស្អាតប្លែកខុសពីខេត្តដទៃទៀត ហើយខេត្តទាំង២នេះដែរ ក៏គ្រោងនឹងបែងចែកប្រភេទដីទៅតាមតំបន់ ដូចជា តំបន់ឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម និងតំបន់លំនៅឋានជាដើម ដើម្បីសម្រួលដល់អ្នកវិនិយោគ ដែលចូលមកកម្ពុជាងាយស្រួលក្នុងរកទីតាំងវិនិយោគរបស់ពួកគេ។
អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា វិនិយោគិនបរទេសដែលចូលមកសិក្សា ពីឱកាសវិនិយោគក្នុងខេត្តព្រះសីហនុថា រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ បាននិងកំពុងរៀបចំបែងចែកដីធ្លីទៅតាមតំបន់ ដូចជាតំបន់ឧស្សាហកម្ម តំបន់សណ្ឋាគារ និងបដិសណ្ឋារកិច្ច តំបន់ពាណិជ្ជកម្ម តំបន់លំនៅឋាន និងតំបន់កម្សាន្តជាដើម។
លោកបន្តថា “ការរៀបចំបែបនេះ នឹងងាយស្រួលដល់អ្នកវិនិយោគ ដែលចង់វិនិយោគទៅលើវិស័យណាមួយ”។លោកបានលើកជាឧទាហរណ៍ថា អ្នកវិនិយោគចង់វិនិយោគលើសណ្ឋាគារ គាត់អាចទៅរកតំបន់ ដែលយើងកំណត់សម្រាប់អភិវឌ្ឍន៍សណ្ឋាគារ។
លោកគួច ចំរើនបានបញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្តព្រះសីហនុបាន និងកំពុងទទួលបានវិនិយោគិនចូលមកបណ្ដាក់ទុនជាបណ្ដើរៗឡើងវិញ ដោយមានវិនិយោគិនថ្មីៗជាច្រើនចាប់អារម្មណ៍ និងបង្ហាញពីបំណងវិនិយោគរបស់ពួកគេនៅក្នុងខេត្តព្រះសីហនុ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ក៏បានជំរុញឱ្យក្រសួងស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធ រៀបចំបែងចែកទៅតាមប្រភេទដីជាពិសេសសម្ដេច បានជំរុញឱ្យមានការអភិវឌ្ឍ នៅតំបន់រុនតាឯក និងពាក់ស្នែង ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋជាទីក្រុងថ្មីមួយ សម្រាប់ខេត្តសៀមរាប។
សម្តេចបានជម្រុញឲ្យមានការរៀបចំដី សម្រាប់ឧស្សាហកម្ម និងពាណិជ្ជកម្ម ស្របនឹងព្រលានយន្តហោះថ្មី ក្នុងទឹកដីខេត្តសៀមរាបកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិនបរទេស ។
ខេត្តព្រះសីហនុ ជាតំបន់មួយដែលមានផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញមុនគេ ហើយក្រោយពេលផ្លូវនេះ បានសាងសង់រួច និងដាក់ដំណើរការជាផ្លូវការនោះ សកម្មភាពទេសចរណ៍ និងពាណិជ្ជកម្មក្នុងខេត្តមួយនេះ ក៏ឃើញថាមានកំណើនគួរឱ្យកត់សម្គាល់ ។ ដ
ដោយឡែកខេត្តសៀមរាប ក៏ជាខេត្តមួយដែលគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនឆ្លងកាត់ដែរ គឺផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ។ គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ- សៀមរាប នឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ហើយក៏គ្រោងនឹងចាប់ផ្ដើមសាងសង់នៅពេលបន្ទាប់ផងដែរ។
អ្វីដែលពិសេស ទាំងខេត្តព្រះសីហនុ និងខេត្តសៀមរាប គឺសុទ្ធតែមានអាកាសយានដ្ឋានអន្តរជាតិដូចគ្នា ដូច្នេះវាក៏អាចសម្រួលដល់ភ្ញៀវទេសចរបរទេស ក៏ដូចជា វិនិយោគិនបរទេសអាចចុះចតនៅព្រលានយន្តហោះនេះផ្ទាល់តែម្ដង។
សម្តេចធិបតីហ៊ុន ម៉ាណែតបានជម្រុញឲ្យក្រុមមន្រ្តីដាក់ចេញនូវគោលនយោបាយទេសចរណ៍ ដោយយកខេត្តសៀមរាប ជាគំរូបមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ នៅឆ្នាំ២០២៤ខាងមុខ ខណៈការរៀបចំប្លង់គោលអភិវឌ្ឍន៍ខេត្តនេះ បាននិងកំពុងរៀបចំដោយក្រុមមន្រ្តីជំនាញ៕