រដ្ឋាភិបាលថៃគ្រោងនឹងចរចាឡើងវិញជាមួយកម្ពុជានៅខែកុម្ភៈស្តីពីតំបន់ទាមទារត្រួតស៊ីគ្នាដែលមានទំហំ ២៦.០០០ គីឡូម៉ែត្រការ៉េ នៅឈូងសមុទ្រថៃ។
អ្នកសង្កេតការណ៍បានកត់សម្គាល់ថាកិច្ចពិភាក្សាគួរតែផ្តោតជាចម្បងលើការអភិវឌ្ឍរួមគ្នានៃធនធានថាមពលនៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសលើការនាំចូលឧស្ម័នធម្មជាតិរាវដែលមានតម្លៃថ្លៃ។
អ្នកវិភាគបាននិយាយថា ការពិភាក្សាអំពីដែនសមុទ្ររវាងភាគីទាំងពីរគួរតែពន្យាសិន ដើម្បីជៀសវាងបង្កើនភាពតានតឹងនៅក្នុងទំនាក់ទំនង។លោក SretthaThavisinនាយករដ្ឋមន្ត្រីថៃ បាននិយាយកាលពីម្សិលមិញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងធ្វើទស្សនកិច្ចនៅប្រទេសថៃក្នុងខែកុម្ភៈ ហើយបញ្ហាតំបន់ទាមទារត្រួតស៊ីគ្នា នឹងស្ថិតក្នុងចំណោមប្រធានបទដែលត្រូវពិភាក្សា។
រដ្ឋមន្ត្រីក្រសួងថាមពល លោក PirapanSalirathavibhagaបានលើកឡើងថា ប្រទេសថៃត្រូវចរចាឡើងវិញជាមួយកម្ពុជា ជុំវិញបញ្ហានេះ ដោយសារបញ្ហានេះនៅតែមិនទាន់បានដោះស្រាយ ទោះបីជាមានការខិតខំប្រឹងប្រែងពីរដ្ឋាភិបាលមុនៗ ដើម្បីដោះស្រាយវាក៏ដោយ។លោកក៏បានកត់សម្គាល់ផងដែរថា វានឹងពិបាកសម្រាប់ភាគីទាំងពីរក្នុងការឈានដល់ដំណោះស្រាយ ប្រសិនបើបញ្ហាទឹកដីដែនសមុទ្រក្នុង OCA ត្រូវបានពិភាក្សារួមជាមួយនឹងការអភិវឌ្ឍរួមគ្នានៃធនធានប្រេងនៅក្នុងតំបន់ក្នុងអំឡុងពេលចរចា។លោកជឿជាក់ថាភាគីទាំងពីរមានការស្ទាក់ស្ទើរក្នុងការឯកភាពបញ្ហាព្រំដែនសមុទ្រ ដូច្នេះ ប្រទេសថៃត្រូវតែស្វែងរកវិធីដើម្បីដោះស្រាយបញ្ហានេះ។
លោកនាយករដ្ឋមន្ត្រី និងខ្ញុំមានការព្រួយបារម្មណ៍ចំពោះបញ្ហានេះ។ ប្រទេសថៃត្រូវការទាញយកធនធានថាមពលនៅក្នុងតំបន់នេះ ដើម្បីដោះស្រាយបញ្ហាខ្វះខាតថាមពល ដោយសារឧស័ន្មបម្រុងរបស់ប្រទេសនេះកំពុងតែធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Pirapanបាននិយាយថា “បើគ្មានប្រភពថាមពលថ្មីទេ ថៃនឹងមានបញ្ហានៅពេលអនាគត។ ដូច្នេះហើយ បញ្ហានេះមានសារៈសំខាន់ក្នុងការចរចា” ។
នៅថ្ងៃទី១៨ ខែតុលា លោក Pirapanក៏បានថ្លឹងថ្លែងលើបញ្ហានេះផងដែរ ដោយបាននិយាយថា ការចរចាលើការអភិវឌ្ឍរួមគ្នា ទំនងជាមិនជោគជ័យទេ ដរាបណាការបោះបង្គោលព្រំដែនសមុទ្រដែលភាគីទាំងពីរបានទាមទារត្រូវបានរួមបញ្ចូលទៅក្នុងការពិភាក្សា។
លោកបានបន្តថា ការពិភាក្សាគួរតែផ្តោតលើកិច្ចសហប្រតិបត្តិការរួមគ្នាដែលអាចធ្វើទៅបាន ដើម្បីប្រើប្រាស់ធនធានថាមពលនៅក្នុង OCA ជាជាងការលើកឡើងពីជម្លោះព្រំដែនសមុទ្រ។ លោកបានគូសបញ្ជាក់ទៀតថា “ភាគីទាំងពីរមិនទាន់បានជួបពិភាក្សាគ្នាអំពីបញ្ហាដែនសមុទ្រនៅឡើយ។ បើទោះបីជាការពិភាក្សាបែបនេះត្រូវបានលើកយកមកនិយាយក៏ដោយ ក៏ពួកគេត្រូវស្នើឱ្យសភារបស់ពួកគេអនុម័តលទ្ធផល។ ខ្ញុំគិតថាសភានៃប្រទេសទាំងពីរនឹងមិនយល់ព្រមនោះទេ” ។
លោកបានបន្ថែមថា ក្នុងអំឡុងអាណត្តិលោកPrayut Chan-o-cha ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwonបានដឹកនាំការចរចានេះ។ លោកបានបន្តថា យើងនៅមិនទាន់ដឹងតើអ្នកណានឹងដឹកនាំកិច្ចចរចានៅក្រោមរដ្ឋាភិបាលបច្ចុប្បន្ន។ លោកបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ក្រសួងថាមពល ក្រសួងការបរទេស និងក្រុមច្បាប់របស់រដ្ឋាភិបាលត្រូវតែធ្វើការរួមគ្នាដើម្បីបង្កើតក្រុមថ្មីសម្រាប់ការចរចា។
លោក Prasert Sinsukprasertលេខាធិការប្រចាំការនៃក្រសួងថាមពលបាននិយាយថា នាយកដ្ឋានឥន្ធនៈ និងរ៉ែបានផ្តល់អនុសាសន៍ឱ្យបង្កើតតំបន់អភិវឌ្ឍរួមគ្នាមួយ ដើម្បីអនុញ្ញាតឱ្យប្រទេសថៃ និងកម្ពុជាសហការវិនិយោគលើការផលិតប្រេងនៅក្នុងតំបន់នេះដោយមិនចាំបាច់ប៉ះពាល់ដែនសមុទ្រ និងជម្លោះទឹកដី។
លោកបានបន្ថែមថា ការពិភាក្សាបន្ថែមទៀតនឹងត្រូវធ្វើជាមួយក្រសួងការបរទេស។ លោកបាននិយាយថា “ជម្លោះដែនសមុទ្រនឹងមិនបញ្ចប់ក្នុងពេលឆាប់ៗនេះទេ។ ការពិភាក្សាលើបញ្ហានេះ គួរតែត្រូវបានផ្អាក។ ការចរចាណាមួយដែលអាចផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរគួរតែត្រូវបានធ្វើឡើងជាមុន” ។
លោក Noppadon Pattamaសមាជិកសភាគណបក្សភឿថៃ ដែលជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាបាននិយាយថា ការពិភាក្សាស្តីពីការបោះបង្គោលព្រំដែនសមុទ្ររវាងថៃ និងកម្ពុជារហូតមកដល់ពេលនេះ មិនបានទទួលបានលទ្ធផលជោគជ័យណាមួយឡើយ។
លោកបានបន្តថា ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសទាំងពីរបានឈានទៅរកជំពូកថ្មីនៃទំនាក់ទំនងទ្វេភាគីដ៏ស្និទ្ធស្នាល ដូច្នេះភាគីទាំងពីរគួរតែឆ្លៀតឱកាសដើម្បីជួបពិភាក្សាអំពីការអភិវឌ្ឍរួមគ្នានៅក្នុង OCA ដើម្បីធានាសន្តិសុខថាមពលសម្រាប់ប្រទេសទាំងពីរ។
ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងឆ្នាំ២០០១ ក្នុងអំឡុងពេលរដ្ឋបាលលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើម្បីរួមគ្នាអភិវឌ្ឍផ្នែកខ្លះនៃ OCA និងបោះបង្គោលព្រំដែនសមុទ្រ។នៅក្រោមកិច្ចព្រមព្រៀងនេះការបោះបង្គោលព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នាត្រូវតែអនុវត្តជា “កញ្ចប់ដែលមិនអាចបំបែកបាន” ដោយបានបង្កើតគណៈកម្មាធិការបច្ចេកទេសចម្រុះថៃ-កម្ពុជាដើម្បីពិភាក្សាអំពីបញ្ហានេះ។
ការចរចាជាច្រើនលើកត្រូវបានធ្វើឡើងតាំងពីពេលនោះមក ប៉ុន្តែមិនមានវឌ្ឍនភាពណាមួយឡើយ ភាគច្រើនដោយសារតែជម្លោះលើការបោះបង្គោលព្រំដែនសមុទ្រ។ រដ្ឋមន្ត្រីការបរទេស ParnpreeBahiddha-Nukaraធ្លាប់បាននិយាយថា រដ្ឋាភិបាលនឹងត្រូវតែងតាំងតំណាងឱ្យគណៈកម្មាធិការបច្ចេកទេសរួមថ្មី មុនពេលចាប់ផ្តើមកិច្ចចរចាឡើងវិញ។ Bangkok Post