ដោយៈ ជេស៊ីកា
ព្រះសីហនុៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើជប៉ុន ពិនិត្យលទ្ធភាពជួយសាងសង់ស្ពានពីក្តីតាកុយ ទៅអរិយក្សត្រ។
លើសពីនេះ សម្តេចធិបតីក៏បានថ្លែងបញ្ជាក់ថា “ការធ្វើព្រែកជីកហ្វូណន-តេជោ និងពង្រីកកំពង់ផែខេត្តព្រះសីហនុ គ្មានអាថ៌កំបាំងអ្វីនោះទេ គឺដើម្បីសេដ្ឋកិច្ចជាតិ”។
សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាជំនួយហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន។ក្នុងពិធីដដែលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែតក៏បានស្នើជប៉ុន សហការជាមួយកម្ពុជា ប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលភស្តុភាកម្ម។
សម្តេចធិបតីស្នើជប៉ុន ជួយពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ១ទៅដល់ស្ពានអ្នកលឿង ស្ថិតក្នុងខេត្តព្រៃវែងផងដែរ។សម្តេចធិបតីបានថ្លែងបន្តទៀតថា សម្ដេចបានប្រគល់ភារកិច្ចទៅឱ្យលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្សា លើយុទ្ធសាស្រ្តមួយចំនួនបន្ថែមទៀត ដោយវាយតម្លៃឡើងវិញលើ់ប្រព័ន្ធជញ្ជូនតាមផ្លូវទឹកសាប ហើយផ្តុំឡើងវិញរវាងការតភ្ជាប់តំបន់ទឹកសាប ព្រែកជីក និងតំបន់ទឹកប្រៃ ឱ្យមានភាពប្រទាក់ក្រឡាគ្នារវាងផ្លូវគោក និងផ្លូវទឹក ដែលទាំងតំបន់ទឹកសាប និងទឹកប្រៃត្រូវយកចិត្តទុកដាក់ដូចគ្នា។
សម្តេចបានបញ្ជាក់ថា “វិធានការនេះ គឺដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ច នៅតាមខេត្ត ជាប់បណ្តោយទន្លេមេគង្គ និងទន្លេសាប ភ្ជាប់ជាមួយខេត្តតាមបណ្តោយទឹកទាំងអស់”។ សម្ដេចធិបតីថា “នេះជាកិច្ចការចាំបាច់ដែលយើងត្រូវធ្វើ និងវាយតម្លៃ ដែលសំខាន់ត្រូវរៀបចំផែនការមួយ គឺផែនការមេ ដើម្បីត្រៀមសម្របសម្រួល និងបើកឱកាសឱ្យវិស័យឯកជនចូលរួមក្នុងការអភិវឌ្ឍ”៕