ដោយៈ គង់ សូរិយា
ភ្នំពេញៈ រយៈពេល ១១ ខែ ឆ្នាំ២០២៣ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិបាន៤៣.៥២ ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញមានចំនួន២១ ពាន់លានដុល្លារអាមេរិក កើនឡើង ៤.០៨% បើធៀបនឹងការនាំចេញរយៈពេល១១ខែ ឆ្នាំ២០២២។
ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផល ការងារក្រសួងពាណិជ្ជកម្មនៅព្រឹកមិញនេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយ សម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ៦១.០៦% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។
ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងបណ្តាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួន២៦.៥៧ ពាន់លានដុល្លារអាមេរិក ដែលការនាំចេញមានទំហំ៧.២១ ពាន់លានដុល្លារអាមេរិក កើនឡើង ២៧.២៩ភាគរយ។
លោកជំទាវរដ្ឋមន្រ្តីបានអះអាងថា ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅតែប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន តាមរយៈការបន្តពង្រឹងគុណភាពធនធានមនុស្ស លើវិស័យពាណិជ្ជកម្ម និងធុរកិច្ចឌីជីថល ដោយធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល និងគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន។
ក្រសួងនឹងនៅតែបន្តការធ្វើកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងគុណភាព នៃការផ្តល់សេវាសាធារណៈរបស់ក្រសួង តាមប្រព័ន្ធស្វ័យប្រវត្តកម្ម ដោយបានកាត់បន្ថយទាំងការចំណាយ និងពេលវេលា ការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្មក្នុងប្រទេស ការអភិវឌ្ឍទីផ្សារ និងអភិវឌ្ឍវិស័យឯកជន និងការបន្តកសាងនិងធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មផងដែរ ដែលទាំងនេះបានបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផល ដល់ការធ្វើធុរកិច្ច និងការវិនិយោគក៏ដូចជា ពង្រឹងភាពប្រកួតប្រជែងនៃទំនិញ នាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រភព ដែលអាចទុកចិត្តបានសម្រាប់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ និងពិភពលោក (Reliable Food Supply Chain) ក្រសួងពាណិជ្ជកម្ម ក្នុងតួនាទីជាអាណាព្យាបាលបច្ចេកទេសរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា បានបើកទីផ្សារ និងជំរុញការនាំចេញស្រូវ-អង្ករ និងកសិផលសំខាន់ៗជាច្រើន។
ទន្ទឹមនឹងនេះក្រសួង ក៏បានជំរុញនាំចេញកសិផលមួយចំនួនទៀតទៅកាន់ទីផ្សារអន្តរជាតិរួមមាន ដំឡូងមីស្រស់ ចំណិតដំឡូងមីក្រៀម ផ្លែមៀនស្រស់ ម្សៅដំឡូង ផ្លែស្វាយស្រស់ ផ្លែចេកស្រស់ គ្រាប់ស្វាយចន្ទី ម្រេច គ្រាប់ពោត សណ្ដែកបាយ សណ្ដែកសៀង ដូង ប្រេង និងបន្លែជាដើម៕