ដោយៈ គង់ សូរិយា
ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានរៀបចំវេទិកាផ្សព្វផ្សាយវិធានការ សម្រួលពាណិជ្ជកម្មក្រោម ដែនសមត្ថកិច្ចគយ និងការងារចម្បងនានាចំនួន១២ចំណុច ជូនដល់តំណាងសភាពាណិជ្ជកម្ម សមាគមធុរកិច្ច ធុរជន ជើងសាគយ និងវិស័យឯកជនពាក់ព័ន្ធ សម្រាប់ដាក់ឱ្យអនុវត្ដន៍ចាប់ពីឆ្នាំ២០២៤តទៅ។
ថ្លែងក្នុងវេទិកាផ្សព្វផ្សាយ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានថ្លែងថា វេទិកានេះ ត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយពីវិធានការ និងការងារចម្បងនានា ដែលមានចែងក្នុងយុទ្ធសាស្ត្រ កែទម្រង់ និងទំនើបកម្មគយ និងផែនការសកម្មភាពប្រចាំឆ្នាំ ព្រមទាំងស្របតាមវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាល ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញ នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកបញ្ជាក់ថា “ការផ្សព្វផ្សាយនូវវិធានការ និងការងារចម្បងនានា ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវអនុវត្តន៍ចំនួន ១២ចំណុច”។
ចំណុចទាំងនោះ រួមមាន ១. ការកែសម្រួលថ្លៃសេវាសាធារណៈ ២. ការកែសម្រួលគោលការណ៍ និងនីតិវិធីនៃការកំណត់មុខសញ្ញាទំនិញនាំចេញ-នាំចូលផ្ទុកក្នុងកុងតឺន័រ ដែលត្រូវឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យដោយម៉ាស៊ីនស្កែន ៣. ការពង្រឹងការគ្រប់គ្រងលើការនាំចូលទំនិញឈាច់បង្កក ស៊ុត និងត្រី ៤. ការដាក់ឱ្យប្រើប្រាស់សាកល្បងសលាកបត្រចូលព្រះរាជាណា- ចក្រកម្ពុជា តាមមធ្យោបាយអេឡិចត្រូនិក (e-Arrival Card)។
៥. ការធ្វើស្វ័យប្រវត្តិកម្មពេញលេញលើនីតិវិធី ផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងសំអាងដើមកំណើតទំនិញ និងការធ្វើសន្ធានកម្មរវាងប្រព័ន្ធប្រតិវេទន៍តម្លៃគិតពន្ធគយ (CVDS) និងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (ASYCUDA) ៦. នីតិវិធីបំពេញបែបបទគយមុនពេល ទំនិញមកដល់៧. នីតិវិធីលម្អិត និងភារកិច្ចទទួលខុសត្រូវនូវកិច្ចដំណើរការការរាយការណ៍អំពីទំនិញ និងកិច្ច ដំណើរការប្រតិវេទន៍គយតាមមធ្យោបាយអេឡិចត្រូនិក។
៨. នីតិវិធីកញ្ចប់បញ្ញើរហ័ស កញ្ចប់ប្រៃសណីយ៍ និង ទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ៩. ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី៣ ១០. ការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO) និងការកែលម្អប្រព្រឹត្តកម្មលើកទឹកចិត្តសម្រាប់ធុរជនល្អបំផុត (Best Traders) ១១. ការធ្វើវិសោធនកម្មអនុក្រឹត្យស្តីពី ការកែសម្រួលអត្រាអាករនាំចេញលើ មុខទំនិញកៅស៊ូ, និង១២. ការកែសម្រួលអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពី ការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។
លោកគុណ ញឹមបានជម្រាបជូន និងរម្លឹកពីសមិទ្ធផល និងលទ្ធផល ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានសម្រេចនាពេលកន្លងមក រួមមាន ការប្រមូលចំណូលចូលថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព ការពង្រឹងអនុលោមភាពនិងការអនុវត្តច្បាប់ ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងកិច្ចសម្រួលពាណិជ្ជកម្ម, កិច្ចសហប្រតិបត្តិការគយ, និងការអភិវឌ្ឍស្ថាប័ន។
លោកបានបង្ហាញសុទិដ្ឋិនិយមថា សមាគមធុរកិច្ច ធុរជន ជើងសាគយ និងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀត អាចជ្រាបពីវិធានការថ្មីទាំងនេះ ព្រមទាំងត្រៀមខ្លួនទុកជាមុន ក្នុងការចូលរួមអនុវត្តន៍វិធានការនានា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសធុរកិច្ច ក្នុងន័យជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជានិងទាញយកផលប្រយោជន៍ជាអតិបរមា ពីវិធានការនៃកិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ សម្រាប់ការបំពេញធុរកិច្ចរបស់ខ្លួន៕