ក្រុមមន្រ្តីរដ្ឋាភិបាលបើកកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើគម្រោងសិក្សានិងរៀបចំបង្កើត តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន

0

ដោយៈ ជេស៊ីកា
ភ្នំពេញៈ
ក្រុមមន្រ្តីរដ្ឋាភិបាលដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ជាមួយគណៈប្រតិភូនៃប្រទេសជប៉ុនដោយផ្តោតលើវិស័យភស្តុភារកម្ម និងហេដ្ឋារចនាសម្ព័ន្ឋ។

ភាគីជប៉ុនត្រូវបានដឹកនាំដោយលោកUENO Atsushi ឯកអគ្គ​រដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ កិច្ចប្រជុំនេះបានផ្តោតកិច្ចពិភាក្សាលើការងារភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកតំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា។

អង្គប្រជុំបានជជែកពិភាក្សា ដោយផ្តោតសំខាន់លើការងារធំៗចំនួន២ រួមមាន ទី១ ការពង្រីកវិសាលភាព កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែប្រចាំតំបន់ (The Regional Port) និង ទី២ គម្រោងសិក្សានិងរៀបចំបង្កើត តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន (Cambodia-Japan Special Economic Zone) ដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយ បង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ងាកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។

អង្គប្រជុំក៏បានលើកឡើងអំពីផែនការមេ គ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (Comprehensive Intermodal Transport and Logistics Masterplan 2023-2033 – CIT-MP) ដែលសហការរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដោយមានការជួយគាំទ្រ ពីសំណាក់ដៃគូអភិវឌ្ឍន៍សំខាន់ៗ។

ផែនការមេមួយនេះ ត្រូវបានរៀបចំឡើងដោយការធ្វើសំយោគបញ្ចូលគ្នា នូវផែនការមេសំខាន់ៗចំនួន៧ ដើម្បីឱ្យមានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ-អ្នកដំណើរ-សេវា ទាំងក្របខណ្ឌក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here