ក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ល្បីរបស់ថៃ Dusit International គ្រោងបើកសណ្ឋាគារថ្មីជាង១០ទីតាំងនៅក្រៅប្រទេស

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនបដិសណ្ឋារកិច្ច Dusit International គ្រោង​នឹង​បើក​សណ្ឋាគារ​ថ្មី ​ជាង​១០ទីតាំង​បន្ថែមទៀត នៅ​ក្រៅ​ប្រទេស​ ក្នុងឆ្នាំ​២០២៤ខាងមុខ ស្របពេលដែល​តម្រូវការ​ លើធ្វើ​ដំណើរកំពុងស្ទុះងើបឡើងវិញ។

លោក Siradej Donavanik អនុប្រធានផ្នែកអភិវឌ្ឍន៍សកលនៅក្រុមហ៊ុន Dusit International បានលើកឡើងថា ឧស្សាហកម្មទេសចរណ៍បានកម្រើកឡើងវិញ ពីជំងឺរាតត្បាត ដោយសារការហោះហើរអន្តរជាតិបានកើនឡើង ហើយតម្លៃសំបុត្រយន្តហោះ ត្រូវបានគេព្យាករណ៍នឹងធ្លាក់ចុះនៅឆ្នាំក្រោយ។ លោកបានបន្តថា ការអភិវឌ្ឍន៍សណ្ឋាគាររបស់ក្រុមហ៊ុន Dusit នឹងផ្តោតលើការចូល ទៅក្នុងទីផ្សារថ្មីនៅតំបន់អាស៊ី តំបន់អឺរ៉ុប និងតំបន់អាហ្វ្រិក ដើម្បីធ្វើពិពិធកម្មផលប័ត្ររបស់ខ្លួន។ក្រុមហ៊ុននេះមានសណ្ឋាគារចំនួន២ រួចមកហើយនៅក្នុងទីក្រុង Kyoto ប្រទេសជប៉ុន ស្ថិតក្រោមម៉ាកយីហោ Dusit Thani និង Asai ហើយក្រុមហ៊ុនគ្រោង នឹងបើកសណ្ឋាគារថ្មីៗបន្ថែម នៅក្នុងទីក្រុងធំៗរបស់ប្រទេសជប៉ុន ដូចជាទីក្រុង Osaka ជាដើម។ លោក​ Siradej បាន​គូសបញ្ជាក់ថា ទីតាំង​ថ្មី​សម្រាប់ការអភិវឌ្ឍន៍សណ្ឋាគារ ដែល​ក្រុម​ហ៊ុនកំពុង​ពិចារណា ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រួម​មាន ទីក្រុងម៉ាឡាកា និង​ទីក្រុងកូឡាឡាំពួរ ក្នុង​ប្រទេស​ម៉ាឡេស៊ី។លោក Siradej បានបន្តទៀតថា ក្រុមហ៊ុនDusit ចង់បើកសណ្ឋាគារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ថែមពីលើផ្ទះវីឡា ដែលមានស្រាប់ក្រោមម៉ាកយីហោ Elite Havens ។ ជាមួយគ្នានេះ ក្រុម​ហ៊ុន Dusit International ក៏​កំពុង​សិក្សា​ទីតាំង​ថ្មី​ក្នុង​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេសបារាំងផងដែរ ខណៈក្រុមហ៊ុននេះ គ្រោងសាងសង់គម្រោងសណ្ឋាគារ Dusit Suites នៅ​ទីក្រុង Athens ប្រទេស​ក្រិក។ លោកបានបន្ថែមថា លើសពីនេះ ក្រុមហ៊ុន Dusit International គ្រោងពង្រីកខ្លួនទៅកាន់ទីក្រុងផ្សេងទៀត ក្នុងទ្វីបអាហ្រ្វិក ដើម្បីកសាងវត្តមានរបស់ខ្លួន នៅទីក្រុងណៃរ៉ូប៊ី(Nairobi) ប្រទេសកេនយ៉ា៕

LEAVE A REPLY

Please enter your comment!
Please enter your name here