តើប្រទេសវៀតណាមផ្តល់សិទ្ធិដល់ជនបរទេសឱ្យទិញអចលនទ្រព្យបែបរមណីយដ្ឋានបានដែរឬទេ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អ្នកអភិវឌ្ឍន៍ស្នើដល់រដ្ឋាភិបាលថា ជនបរទេសគួរតែត្រូវបានអនុញ្ញាតឱ្យ ទិញអចលនទ្រព្យរមណីយដ្ឋាន នៅក្នុងប្រទេសវៀតណាម មិនមែនត្រឹមតែលំនៅដ្ឋានប៉ុណ្ណោះទេ ដើម្បីស្រូបទាញរូបិយប័ណ្ណបរទេស និងលើកកម្ពស់វិស័យទេសចរណ៍។

លោកស្រី Nguyen Thai Hoai Anh អគ្គនាយករងនៃក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋាន និងសួនកម្សាន្ត Sun Group បានថ្លែង ក្នុងសន្និសីទទេសចរណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា “ជនបរទេសជាច្រើន ចង់កាន់កាប់អចលនទ្រព្យរមណីយដ្ឋាន នៅប្រទេសវៀតណាម ហើយពួកគេកំពុងកាន់កាប់អចលនទ្រព្យ រមណីយដ្ឋានរួចទៅហើ​យនៅប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ”។លោកស្រី​បានបន្ត​ថា “ការ​អនុញ្ញាត​ឱ្យ​ជនបរទេស ​ធ្វើ​ជា​ម្ចាស់​អចលនទ្រព្យ​រមណីយដ្ឋាន​ នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​មក​កាន់ប្រទេសវៀតណាម”។

យោងតាមលោកស្រី Anh បានឱ្យដឹងទៀតថា ជនបរទេសដែលទិញអចលនទ្រព្យរមណីយដ្ឋានទំនងជា នឹងស្នាក់នៅក្នុងប្រទេសវៀតណាមរយៈពេលវែង និងចាក់បញ្ចូលទឹកប្រាក់ចូលសេដ្ឋកិច្ច ក្នុងស្រុកច្រើនជាងភ្ញៀវទេសចរ ដែលស្នាក់នៅរយៈពេលខ្លី។ បច្ចុប្បន្ននេះ ច្បាប់​របស់ប្រទេសវៀតណាម ​បានអនុញ្ញាត​ឱ្យ​ជនបរទេស​អាចទិញ​លំនៅដ្ឋានបាន ប៉ុន្តែ​ពួកគេមិនមានសិទ្ធិទិញអចល​នទ្រព្យ​រមណីយដ្ឋាន​នោះទេ​។

ច្បាប់​របស់ប្រទេសវៀតណាម​បានអនុញ្ញាតឱ្យ ជនបរទេសអាចទិញផ្ទះ ឬអាផាតម៉ិន នៅក្នុងគម្រោងបែបពាណិជ្ជកម្ម ប៉ុន្តែពួកគេមិនអាចកាន់កាប់លើសពី១០% នៃចំនួនផ្ទះសរុបឬលើសពី៣០% នៃចំនួនអាផាតម៉ិនសរុប នៅក្នុងគម្រោងនោះទេ។ ជនបរទេសក៏មិនអាចទិញអចលនទ្រព្យ នៅក្នុងតំបន់សន្តិសុខជាតិផងដែរ៕VNExpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here