ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឆ្នាំនេះគឺជាខួបមួយឆ្នាំ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ដោយកិច្ចព្រមព្រៀងនេះ បានជំរុញពាណិជ្ជកម្មទ្វេភាគីដល់១,០៥ ពាន់លានដុល្លារ។
ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងពីតួនាទីរបស់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរួមជាមួយនឹងច្បាប់វិនិយោគថ្មីឆ្នាំ២០២១ ដើម្បីទាក់ទាញការវិនិយោគ របស់សាធារណរដ្ឋកូរ៉េមកកាន់កម្ពុជា។កម្ពុជាកំពុងផ្លាស់ប្តូរ ទៅរកសេដ្ឋកិច្ចឌីជីថលទំនើប ដោយជំរុញឱ្យមានការវិនិយោគកាន់តែច្រើនមកពីសាធារណរដ្ឋកូរ៉េ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ឈានចូលដល់រយៈពេលមួយឆ្នាំបន្ទាប់ពីបានចូលជាធរមានក្នុងខែនេះ។ កិច្ចព្រមព្រៀងនេះ បានជំរុញឱ្យពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរកើនឡើងដល់១,០៥ពាន់លានដុល្លារ។ នេះបើយោងតាមលោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។លោកស្រីបានលើកឡើងក្នុងសុន្ទរកថា បើកវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-កូរ៉េលើកទី២ នៅទីក្រុងសេអ៊ូល នាពេលថ្មីៗនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមជាមួយនឹងការដាក់ចេញនូវច្បាប់វិនិយោគថ្មីនៅឆ្នាំ២០២១ បានបង្កើតបរិយាកាសអំណោយផលបន្ថែមទៀត ដែលធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគរបស់សាធារណរដ្ឋកូរ៉េ។
លោកស្រីបានបន្ថែមថា កន្លងមក សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាកំពុងផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចទំនើប ជាមួយនឹងការកើនឡើងនៃឧស្សាហកម្ម និងសេវាកម្ម រួមជាមួយនឹងការឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។
ប្រទេសទាំងពីរមានយន្តការ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េកិច្ចព្រមព្រៀងស្តីពី ការចៀសវាងយកពន្ធត្រួតគ្នា និងកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ។ លើសពីនេះ ប្រទេសទាំងពីរក៏ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ [AKFTA] ដែលជាយន្តការសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
លោកស្រីបានបន្តថា “យើងត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍វិនិយោគិន ហើយយើងលើកទឹកចិត្តអ្នកវិនិយោគកូរ៉េ ឱ្យមើលឃើញពីសក្តានុពលដោយផ្ទាល់របស់ប្រទេសយើង”៕