ក្រុមហ៊ុនវេរប្រាក់ធំមួយរបស់ចិនបានឈានជើងចូលទីផ្សារ ខេត្តព្រះសីហនុ

0

ដោយៈ គង់ ម៉ាលីនណា

 ព្រះសីហនុៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុលោកគួច ចំរើនបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធបើកដំណើរការ DV PAY សាខាខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកគួច ចំរើន បានមានប្រសាសន៍បើកឱ្យដំណើការ DV PAY សាខាខេត្តព្រះសីហនុ ជាផ្លូវការនាពេលនេះ ស្របពេលដែលអ្នកវិនិយោគទុន មានជំនឿជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលបានធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធអគារខ្ពស់ៗ សណ្ឋា​គារ និងតំបន់ពាណិជ្ជកម្មជាច្រើន។ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្រទឹកជ្រៅ អាកា​សយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន រមណី​យដ្ឋានធម្មជាតិ ជីវៈចម្រុះដ៏សម្បូរបែប ព្រមទាំងឆ្នេរសមុទ្រ កោះដ៏ស្រស់ស្អាត ត្រូវបានប្រសិទ្ធនាមជា “តារារៈនាទិសនិរតី” បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍នៅក្នុងខេត្ត ទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត សប្បា​យយ៉ាងច្រើនកុះករ។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណក្រុមហ៊ុន DV PAY បានពង្រីកខ្លួនលើផ្នែកសេវាកម្មជាបន្តបន្ទាប់ និងជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសំខាន់សម្រាប់អតិថិជន ព្រមទាំងបានកោតសរសើ និងលើកទឹកចិត្ត និងស្មារតីដែលក្រុមហ៊ុន DV PAY កំពុងបានអនុវត្ត ស្របនឹងគោលនយោបាយ របស់រាជរដ្ឋាភីបាលអាណត្តិទី៧ ដែលបានដាក់ចេញនូវបច្ចេកវិទ្យាឌីជីថល តាមរយៈការចាយលុយ និងការរក្សាសុវត្ថិភាពលុយ សេវាកម្មទូទាត់សាច់ប្រាក់ មានការកើនឡើង ដើម្បីពង្រឹងគុណភាព សមត្ថភាពដល់អតិថិជនជាអ្នកប្រើប្រាស់ និងបានចូលរួមជួយជំរុញកំណើនសេដ្ឋកិច្ច ផ្តល់ការងារជូនប្រជាពលរដ្ឋ រួមចំណែកផ្តល់ភាពងាយស្រួលលឿន ឆាប់ និងសុវត្ថិភាពសាច់ប្រាក់បានថែមទៀត និងសូមឱ្យក្រុមហ៊ុនDV PAY សាខាខេត្តព្រះសីហនុ ទទួលបានជោគជ័យ ក្នុងប្រតិបត្តិការរបស់ខ្លួន និងមានការគាំទ្រយ៉ាងច្រើនឡើងពីអតិថិជននាពេលខាងមុខ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here