ដោយៈ សហការី
ប្រទេសចិនៈ យោងតាមប្រភពព័ត៌មានពី Business Insider បានរាយការណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសចិន នៅមិនទាន់ស្ទុះងើបឡើងវិញខ្លាំង ក្រោយពីការរាតត្បាតដោយវិបត្តិកូវីដ នៅឡើយនោះទេ ហើយនៅតែបន្តបែបនេះរហូតដល់ឆ្នាំ២០២៤។
នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣ វាហាក់ដូចជាមានការស្ទុះងើបឡើងវិញនៃតម្រូវការ ប៉ុន្តែក្រោយមកបានធ្លាក់ចុះនៅពេលដែលក្រុមហ៊ុនអចលនទ្រព្យ បានជំពាក់បំណុលអតិថិជន ដូចជា Evergrande និង Country Garden ខណៈដែលអត្រាប្រជាសាស្រ្តវ័យចំណាស់ខ្ពស់ និងការកើនឡើង នៃភាពអត់ការងារធ្វើរបស់យុវវ័យបានធ្វើឱ្យទីផ្សារការងារចុះខ្សោយ បណ្តាលឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងបរិត្តផរណា។ទន្ទឹមនឹងនេះ តម្រូវការក្នុងស្រុក និងខាងក្រៅកាន់តែទន់ខ្សោយសម្រាប់ទំនិញចិន ទីផ្សារការងារកាន់តែយ៉ាប់យ៉ឺន និងការធ្លាក់ចុះនៃប្រាក់ចំណេញអាជីវកម្ម បានអូសបន្លាយអតិផរណាដល់ត្រឹមាសទីពីរ។ បន្ទាប់មកនៅក្នុងត្រីមាសទី៣ កំណើនសេដ្ឋកិច្ចចិនបានកើនឡើងខ្ពស់ ប៉ុន្តែគេសង្ស័យថាវាមិនពិតប្រាកដ។
នេះជាហេតុផលសំខាន់ៗចំនួន៤ ដែលអ្នកវិភាគមើលឃើញថា សេដ្ឋកិច្ចចិន នឹងបន្តប្រឈមមុខនឹងការធ្លាក់ចុះនៅឆ្នាំ២០២៤។
១ ការផ្គត់ផ្គង់លើសពីតម្រូវការ នឹងការធ្លាក់ចុះទំនុកចិត្ត
កំណើននៃការប្រើសប្រាស់នៅចិន បានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងត្រីមាសទី៣ឆ្នាំនេះ ដែលត្រូវបានជំរុញដោយតម្រូវការកើនឡើង ប៉ុន្តែវានឹងធ្លាក់ចុះនៅក្នុងប៉ុន្មានខែខាងមុខនេះ។ អ្នកសេដ្ឋកិច្ចបានចែករំលែកជាមួយBusiness Insider ថា ទំនុកចិត្តនៅតែខ្សោយ ហើយមិនមានប្រែប្រួលនៅពេលនេះទេ ដោយសារតាមទស្សនៈរបស់ពួកគេ ការប្រើប្រាស់មិនទាន់បានងើបឡើងវិញ ក្នុងកម្រិតមួយប្រកបដោយនិរន្តរភាពទេ។
បន្ថែមពីនេះ ពលរដ្ឋចិននៅតែមានការព្រួយបារម្ភ អំពីសុវត្ថិភាពហិរញ្ញវត្ថុ និងទីផ្សារការងាររបស់ពួកគេ ក៏ដូចជាគោលនយោបាយរបស់ទីក្រុងប៉េកាំង ដែលជាឧបសគ្គ សម្រាប់ការចំណាយរបស់ពលរដ្ឋ។
២ ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ របស់ចិនបានលុបចោលបំណុលរបស់ខ្លួន ឬប្រកាសក្ស័យធននៅឆ្នាំនេះ ហើយការព្យាយាមរបស់រដ្ឋាភិបាល មិនទាន់មានឥទ្ធិពលអ្វី ទៅលើវិស័យអចលនទ្រព្យនៅឡើយទេ។ ទន្ទឹមនេះ គេមើលឃើញថា ការធ្លាក់ចុះមានលក្ខណៈជាប្រព័ន្ធ និងទំនងជាមានរយៈពេលយូរ ហើយពលរដ្ឋចិនដែលជាអតិថិជនបានបាត់បង់ទំនុកចិត្តលើអចលនទ្រព្យ។
មិនត្រឹមតែប៉ុណ្ណោះ វាពិបាកក្នុងការទស្សន៍ទាយថា នៅពេលណាដែលវិស័យនេះ នឹងមានស្ថិរភាពឡើងវិញ ប៉ុន្តែប្រសិនបើវាកើតឡើងបែបនោះមែន ក៏វានឹងមិនត្រលប់ ទៅជាកត្តាជំរុញកំណើនដ៏សំខាន់ដូចកាលពីទសវត្សរ៍មុននោះដែរ។ យ៉ាងណាមិញ តាមទស្សនៈរបស់អ្នកសេដ្ឋកិច្ចមួយចំនួនយល់ឃើញថា វិស័យអចលនទ្រព្យមិនទាន់ធ្លាក់ចុះនៅឡើយ ហើយទីក្រុងប៉េកាំងនឹងតស៊ូ ដើម្បីស្តារតម្រូវការឡើងវិញ។
៣. តម្រូវការពីបរទេសសម្រាប់ផលិតផលរបស់ចិននឹងធ្លាក់ចុះ
ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ដែលនាំមុខដោយការធ្លាក់ចុះសេដ្ឋកិច្ចនៅអាមេរិក និងអឺរ៉ុប គឺជាដំណឹងអាក្រក់សម្រាប់ប្រទេសចិនផងដែរ។ អ្នកវិភាគសេដ្ឋកិច្ចនិយាយថា តម្រូវការសម្រាប់ការនាំចេញផលិតកម្មរបស់ចិននឹងបន្តធ្លាក់ចុះ ខណៈដែលមានការធ្លាក់ចុះជាសកលនៅក្នុងឆ្នាំក្រោយនេះ។
លើសពីនេះ សេដ្ឋវិទូបានកត់សម្គាល់ថា ចិននឹងពិបាករកដំណោះស្រាយពីបញ្ហាតម្រូវការសរុប ដែលបណ្តាលមកពីការធ្លាក់ចុះនៃអចលនទ្រព្យរបស់ខ្លួន។
៤ ទីក្រុងប៉េកាំងមិនអាចអនុវត្តន៍លើវិធានការសំខាន់ធំៗបានទេ មានតែវិធានការតិចតួចបន្ថែមប៉ុណ្ណោះដោយសារតែសេដ្ឋកិច្ចរបស់ចិន ប្រឈមមុខនឹងបញ្ហារចនាសម្ព័ន្ធយ៉ាងស៊ីជម្រៅ ការផ្លាស់ប្តូរ ឬវិធានការជំរុញដ៏ធំសំខាន់ណាមួយ បានជំរុញឲ្យសេដ្ឋកិច្ចមានគ្រោះថ្នាក់។ ដូច្នោះហើយ រដ្ឋាភិបាលគួរទុកកន្លែងខ្លះ សម្រាប់គោលនយោបាយ ជំរុញកំណើនឥណទាន និងការវិនិយោគ ប៉ុន្តែវិធានការកាន់តែធំ អាចបង្កឱ្យមានអស្ថិរភាពសេដ្ឋកិច្ច។ អ្នកសេដ្ឋកិច្ចបាននិយាយថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានបដិសេធ មិនអនុវត្តកញ្ចប់ជំរុញសេដ្ឋកិច្ច ដែលមានមូលដ្ឋានទូលំទូលាយ។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រដ្ឋាភិបាលកំពុងបង្កើនវិធានការរូបិយវត្ថុ និងសារពើពន្ធ ដើម្បីជំរុញការវិនិយោគគោលដៅ ជាពិសេសនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការស្ដារឡើងវិញនូវការការពារទឹកជំនន់ និងគ្រោះមហន្តរាយ។
ជាលទ្ធផល កំណើនមានការធ្លាក់ចុះនៅត្រីមាសទីបី ប៉ុន្តែគេរំពឹងថា កំណើននៅឆ្នាំ២០២៤ ទំនងជាមានស្ថិរភាពវិញ៕