តើខណ្ឌណាខ្លះដែលដីធ្លីមានតម្លៃទាបជាងគេក្នុងរាជធានីភ្នំពេញ និងមានតម្លៃបែបណា?

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ នៅក្នុង​រាជធានីភ្នំពេញ គ្រប់តំបន់​មិនមែនសុទ្ធតែដីមានតម្លៃខ្ពស់នោះទេ វាមានតំបន់ខ្លះខ្ពស់ តំបន់ខ្លះទាប ហើយ​សម្រា​ប់​តំបន់​ដែល​មាន​តម្លៃ​ដីធ្លីទាប គេអាច​ទិញដើម្បី​ទុកវិនិយោគ​បាន។

យោងតាមការ​វាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបង្ហាញថា តំបន់ដែលមានតម្លៃដីធ្លីទាប ​គឺភាគច្រើន​ជា​​តំបន់​ដែលនៅជាយក្រុង​ ឬឆ្ងាយពីទី​ប្រជុំ​ជន ក្នុងនោះដែរ​ មានខណ្ឌចំនួន​៣ដែលមានតម្លៃដីទាប​ជា​ងគេ​។១.ខណ្ឌដង្កោ
ខណ្ឌដង្កោ​ ជា​តំបន់នៅប៉ែកខាង​ត្បូងរាជធានីភ្នំពេញ ហើយខណ្ឌនេះ​ ជា​ខណ្ឌដែលនៅ​ជាយ​រា​ជ​ធា​នីភ្នំពេញ និងមាន​ព្រំ​ប្រ​ទល់​ជាប់​នឹង​​ខេត្តកណ្ដាល ស្រុកកណ្ដាលស្ទឹង​។ តំបន់នេះ​មាន​តម្លៃ​ស្ថិត​នៅចន្លោះពី២៥ដុល្លារ​ ទៅ​២៦០០​ដុល្លា​រ​អាមេរិក ​ក្នុងមួយម៉ែត្រការ៉េ ក្នុងនោះសង្កាត់​គង​នយ​ ជា​សង្កាត់​ដែល​មានតម្លៃដីទាប​ជា​ងគេ ​ក្នុង​ខណ្ឌ​នេះ គឺស្ថិ​ត​នៅច​ន្លោះ​ពី២៥ដុល្លារ​ ទៅ​១៨០​ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ​។​

ចំណែកសង្កាត់​ដ​ង្កោ ​​ជា​តំប​ន់​ដែ​ល​មា​នត​​ម្លៃ​ខ្ព​ស់ជាងគេ ​ក្នុង​​ចំណោម​សង្កាត់ទាំង​អស់​ក្នុង​ខណ្ឌនេះ ដែល​មាន​តម្លៃចន្លោះពី​១២០​ដុល្លារ​អាមេរិក​ ទៅ​២៦០​០​ដុ​ល្លា​រអា​មេរិ​ក​​ក្នុ​ងមួ​យ​ម៉ែត្រការ៉េ។​

២.ខណ្ឌព្រែកព្នៅ
ព្រែក​ព្នៅ​ជា​ខណ្ឌ ដែលស្ថិតនៅខាង​ជើង​រាជធានីភ្នំពេញ​ និង​មានព្រំប្រទល់​ជាប់នឹង​ស្រុក​មុខ​​កំពូល​ ខេត្ត​កណ្ដាល​ ។ តំបន់នេះ តម្លៃ​ដី​​មានចន្លោះពី​២០ដុល្លា​រអាមេរិក ទៅ​១៦០០​ដុល្លារ​អា​មេរិ​ក​ក្នុង​មួ​យម៉ែត្រការ៉េ ដោយ​សង្កាត់​ពន្សាំង ជា​សង្កាត់ដែលមានតម្លៃដីធ្លីទាប​​ជាង​គេ ​ក្នុង​ចំ​ណោ​ម​បណ្ដាសង្កាត់​នានា ដោយតម្លៃដីធ្លីក្នុង​សង្កា​ត់នេះ មានតម្លៃចន្លោះពី​២០ដុល្លា​រអាមេរិក ទៅ​៣៥០ដុល្លា​រអាមេរិក។​

ចំណែ​កស​ង្កាត់​​ព្រែកព្នៅ ចាត់ទុកជាសង្កាត់ដែល​មាន​តម្លៃដីខ្ពស់ជាង​គេ ស្ថិតនៅក្នុ​ងតម្លៃចន្លោះ ពី​១២០ដុល្លារអាមេរិក​ទៅ​១៦០០ដុល្លារអាមេរិក​។

៣. ខណ្ឌកំបូល
ខណ្ឌនេះ​ស្ថិតនៅប៉ែកខាង​លិច​រាជធានីភ្នំពេញ ដែលមានព្រំប្រទល់ជាប់នឹង​ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល ។ ​តម្លៃដីក្នុង​ខណ្ឌន​គេអាចរកបាន ចន្លោះពី​៣០ដុល្លារអាមេរិក ទៅ​១៨០០ដុល្លារអាមេរិក​ ក្នុងនោះដែរ​សង្កាត់ប្រទះឡាង ជា​តំបន់​ដែល​មានត​ម្លៃដីទាបជាងគេក្នុង​ខណ្ឌកំបូល ដោយមានតម្លៃចន្លោះពី ៣០​ដុល្លារ​អាមេរិក​ទៅ​២៨០​ដុល្លារអាមេរិក ។

ចំណែក​សង្កាត់​កំបូល​ ជា​តំបន់​ដែល​មាន​តម្លៃខ្ពស់ជាងគេ ​ក្នុង​ខណ្ឌកំបូល ដោយ​តម្លៃវា​ស្ថិតនៅក្នុងចន្លោះ ពី​៦០ដុល្លារ​អាមេរិក​ទៅ​១៨០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រការ៉េ ។

អ្នកជំនាញនៃវិស័យដីធ្លី​បានឱ្យដឹងថា ចង់វិនិយោគ​ដីធ្លី​ទទួលបានប្រាក់ចំណេញ​ អ្នកវិនិយោគគួ​រស្វែងរក​ដីធ្លី ​នៅតំបន់ដែលស្ថិតនៅឆ្ងាយពី​ទីក្រុង ពី​ព្រោះ​ដីនៅតំបន់ជាយក្រុង មានតម្លៃទាបជាតំបន់​កណ្ដាលក្រុង ហើយ​ទិញដីនៅតំបន់ជាយក្រុង ក្នុង​រយៈពេល​ណាមួយលក់​វិញ នោះ​អ្នក​វិនិយោគ​នឹង​ទទួលបានផល​ចំណេញ​ខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here