រដ្ឋាភិបាលជប៉ុនស្នើឱ្យក្រុមហ៊ុននានាដំឡើងប្រាក់ខែឱ្យកាន់តែខ្ពស់ជូនដល់បុគ្គលិក ក្នុងឆ្នាំ២០២៤

0

ដោយ: គង់ លាងហួរ
តូក្យូ: កាលពីថ្ងៃច័ន្ទ ទី២៥ ខែធ្នូ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានស្នើក្រុមហ៊ុននានាដំឡើងប្រាក់ខែឱ្យបានឆាប់រហ័សនៅក្នុងឆ្នាំ២០២៤ ក្នុងគោលដៅជួយដល់ប្រជាជនក្នុងការចំណាយថ្លៃរស់នៅប្រចាំថ្ងៃ និងធ្វើឱ្យអតិផរណាមានស្ថិរភាព។

ក្នុងកិច្ចប្រជុំមួយ ដែលរៀបចំឡើងដោយក្រុមហ៊ុនJapan Business Federation កាលពីថ្ងៃទី២៥ ខែធ្នូ លោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន បានអំពាវនាវឱ្យក្រុមហ៊ុនដំឡើងប្រាក់បៀវត្សកាន់តែខ្ពស់ ស្របពេលដែលការចំណាយលើថ្លៃរស់នៅកាន់តែហក់ឡើងខ្លាំង។

លោកបន្តថា “ខ្ញុំចង់ស្វែងរកកិច្ចសហប្រតិបត្តិការរបស់អ្នក ដើម្បីធ្វើឱ្យប្រាក់បៀវត្សនៅឆ្នាំក្រោយខ្ពស់ជាងប្រាក់បៀវត្សនៅឆ្នាំនេះ”។ លោក គីស៊ីដា បានបញ្ជាក់ថា វាចាំបាច់ណាស់ក្នុងការជួយគាំទ្រចំពោះចំណូលរបស់ប្រជាជន ខណៈការកាត់បន្ថយពន្ធ គ្រោងនឹងអនុវត្តនៅឆ្នាំក្រោយ។
ការអំពាវនាវរបស់លោក Fumio Kishida បានធ្វើឡើង មុនពេលមានការចរចាដំឡើងប្រាក់បៀវត្សរវាងអ្នកគ្រប់គ្រង និងសហភាពការងារ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៤ឆាប់ៗខាងមុខ។

លើសពីនេះ រដ្ឋាភិបាល និងធនាគារកណ្តាលជប៉ុន បានយល់ឃើញពីភាពចាំបាច់នៃការដំឡើងប្រាក់បៀវត្សរបស់ប្រជាជន ដើម្បីដោះស្រាយការចំណាយថ្លៃរស់នៅ និងធ្វើឱ្យអតិផរណាមានស្ថិរភាព។ អត្រាអតិផរណាជាមធ្យមនៅប្រទេសជប៉ុន ស្ថិតក្នុងរង្វង់៣,២១ភាគរយ នៅឆ្នាំ២០២៣នេះ។

ចាប់តាំងពីថ្ងៃទី១ ខែតុលា ប្រាក់ឈ្នួលអប្បបរមាក្នុងមួយម៉ោងនៅប្រទេសជប៉ុន បានកើនពី ៧,៥៣ដុល្លារ ទៅដល់៧,៨១ដុល្លារ។ ម្យ៉ាងទៀត រដ្ឋាភិបាលជប៉ុន ក៏បានឯកភាពកាត់បន្ថយពន្ធលើប្រាក់ចំណូលប្រមាណ២៦៦ដុល្លារ ក្នុងមួយនាក់ ចាប់ពីខែមិថុនាផងដែរ។

ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនបានលើកលែងការបង់ពន្ធចំពោះប្រជាជន ដែលរកប្រាក់ចំណូលបានតិច ហើយផ្តល់ជូនប្រាក់ជិត៥០០ដុល្លារបន្ថែមទៀត ដើម្បីដោះស្រាយជាមួយវិបត្តិអតិផរណានៅក្នុងប្រទេស៕Kyodo News៕

LEAVE A REPLY

Please enter your comment!
Please enter your name here