ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលដែលការភ័យខ្លាច អំពីវិបត្តិជំងឺកូវីដ-១៩ ស្ទើរតែរលាយបាត់ទាំងស្រុង ពីអារម្មណ៍របស់មហាជន គេសង្កេតឃើញថា ទីផ្សារអចលនទ្រព្យនៅប្រទេសនានា កំពុងកម្រើកឡើងវិញ ប៉ុន្តែទីផ្សារអចលនទ្រព្យនៅប្រទេសខ្លះទៀតស្ថិតនៅទ្រឹង។
ខាងក្រោមនេះគឺជាទិដ្ឋភាពមួយចំនួន នៃទីផ្សារអចលនទ្រព្យនៅប្រទេសចំនួន៣ ក្នុងតំបន់អាស៊ាន សម្រាប់ឆ្នាំ២០២៤៖
ទី១: ប្រទេសថៃ
សារពត៌មាន Bangkok Post បានចុះផ្សាយថា ខុនដូដែលមានតម្លៃទាបនៅប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងមានតម្រូវការខ្ពស់នៅឆ្នាំក្រោយ ដោយផ្អែកលើតម្លៃសមរម្យ ការពង្រីកបណ្តាញដឹកជញ្ជូនថ្មីធំៗ និងតម្លៃដីកើនឡើង។
លោកស្រី Sumitra Wongpakdee នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Terra Media and Consulting បាននិយាយថា ខុនដូ ដែលមានតម្លៃទាបជាង៨០.០០០បាត ក្នុងមួយម៉ែត្រការ៉េមានការលក់ដាច់បំផុតក្នុងឆ្នាំ២០២៣នេះ។
ទី២: ប្រទេសម៉ាឡេស៊ី
លោក Tan Ka Leong នាយកគ្រប់គ្រងសេវាកម្មអចលនទ្រព្យនៅក្រុមហ៊ុន CBRE Malaysia បានលើកឡើងអំពីកាតាលីករមួយចំនួន ដែលនឹងជួយជំរុញគាំទ្រ ដល់កំណើនវិស័យលំនៅដ្ឋានក្នុងប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០២៤ខាងមុខ។
កតាលីកររួមមាន ការបន្ធូរបន្ថយតម្រូវការកម្មវិធី“ប្រទេសម៉ាឡេស៊ី ផ្ទះទីពីររបស់ខ្ញុំ”ការបែងចែកថវិកាពី៥ពាន់លានរីងហ្គីត ទៅ១០ពាន់លានរីងហ្គីត សម្រាប់គំនិតផ្តួចផ្តើមមួយ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកខ្ចីប្រាក់ ប្រហែល៤០.០០០នាក់ និងការបន្តកើនឡើងនៃតម្រូវការ។
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន Far Capital លោក Faizul Ridzuan បានលើកឡើងថា គម្រោងលំនៅដ្ឋានដែលលើកកម្ពស់របៀបរស់នៅល្អ មានយូនីតតូចៗ និងមានចំណុចលក់ពិសេស នឹងមានតម្រូវការនៅឆ្នាំក្រោយ។
ទី៣: ប្រទេសឥណ្ឌូនេស៊ី
ទីផ្សារអចលនទ្រព្យរបស់ប្រទេសឥណ្ឌូណេស៊ី កំពុងត្រៀមសម្រេចបានកំណើនជាបន្តក្នុងឆ្នាំ២០២៤ ដែលត្រូវបានជំរុញដោយការបន្ធូរបន្ថយការរឹតបន្តឹង តម្រូវការកើនឡើង និងឱកាសវិនិយោគចម្រុះ។
វិស័យអចលនទ្រព្យរបស់ប្រទេសឥណ្ឌូនេស៊ី កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយទីផ្សារអចលនទ្រព្យ នៅទីក្រុងហ្សាការតាត្រូវបានរំពឹងថា នឹងមានការកើនឡើងចំនួន៥ភាគរយ នៅឆ្នាំ២០២៤។
អ្នកវិភាគបានកត់សម្គាល់ថា ទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនរបស់ទីក្រុងហ្សាការតា ត្រូវបានគេវាយតម្លៃថាបានបណ្តាលមកពីសេដ្ឋកិច្ចដ៏រឹងមាំ ការធ្វើនគរូបនីយកម្ម និងការកើនឡើងចំនួនប្រជាជនវណ្ណៈកណ្តាល។
ជាមួយគ្នានេះ ទំហំទីផ្សារអចលនទ្រព្យឥណ្ឌូនេស៊ី ត្រូវបានគេរំពឹងថា នឹងកើនឡើងពី៦១,២២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ រហូតដល់៨១,២៤ពាន់លានដុល្លារ នៅឆ្នាំ២០២៨ខាងមុខ៕