ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រទេសចំនួន៥ បានស្រូបទាញទំហំពាណិជ្ជកម្មកម្ពុជា ដែលមានទឹកប្រាក់បានជិត១៤ពាន់លានដុល្លារ ឬស្មើនឹងជាង២/៣ នៃចំនួនទឹកប្រាក់នាំចេញ ទំនិញសរុបជាង២០ពាន់លានដុល្លារនៅក្នុងរយៈពេល១១ខែឆ្នាំនេះ។
យោងតារាងស្ថិតិទំនិញពាណិជ្ជកម្ម នាំចេញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ចន្លោះពីខែមករា-ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិក្នុងតម្លៃសរុបជាង២០,៤៩ ពាន់លានដុល្លារ កើនឡើង១,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ដែលមានចំនួន២០,២៤ ពាន់លានដុល្លារ។ទំហំទឹកប្រាក់នាំចេញខាងលើនេះ គឺបាននាំចេញទៅទីផ្សារធំទាំង ៥ រួមមាន អាមេរិក វៀតណាម ចិន ជប៉ុន និងប្រទេសកាណាដា មានទឹកប្រាក់សរុប ១៣,៩១ ពាន់លានដុល្លារ កើនឡើង៤,៤៥ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួនទឹកប្រាក់នាំចេញទំនិញទៅប្រទេសទាំង៥ គឺស្មើនឹង៦៧,៨ភាគរយ នៃទំហំការនាំចេញសរុប ខណៈរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួនត្រឹម៦៥,៩ ភាគរយ។
អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានមានប្រសាសន៍ថា កំណើនទំហំទឹកប្រាក់នាំចេញ ទំនិញទៅទីផ្សារអន្តរជាតិគឺជារឿងល្អ ជាពិសេសក្នុងដំណាក់កាលដែលកំណើនសេដ្ឋកិច្ចពិភពលោក ស្ថិតក្នុងភាពមិនច្បាស់លាស់ដូចពេលនេះ។លោកបន្តថា មូលហេតុដែលប្រទេសទាំង៥ ជាចំណែកសំខាន់ក្នុងការទិញទំនិញពីកម្ពុជា អាចដោយសារកត្តាមួយចំនួនដូចជា ភាពល្អប្រសើរនៃទំនាក់ទំនងការទូត គុណភាពទំនិញកម្ពុជាស្របតាមការចង់បានរបស់អ្នកបញ្ជាទិញ និងកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីពហុភាគី។
លោកបានថ្លែងថា “ខ្ញុំមានសុទិដ្ឋិនិយមថា ចរាចរណ៍ទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិ ពិសេសប្រទេសទាំង៥ នឹងមានច្រើនបន្ថែមទៀតចាប់ពីឆ្នាំ២០២៤ខាងមុខ”។ លោកបន្តថា “សមត្ថភាពផលិតកម្ម និងគុណភាពទំនិញកម្ពុជា មានភាពល្អប្រសើរជាលំដាប់”។ជាមួយគ្នានេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការកើនឡើងនៃសមត្ថភាពផលិតកម្ម ក្នុងស្រុកនារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះបានជួយឱ្យការនាំចេញទំនិញពីកម្ពុជា ទៅគ្រប់គោលដៅលើពិភពលោកកើនឡើងកាន់តែខ្ពស់។
លោកបន្តថា “កំណើនផលិតកម្មក្នុងស្រុក គឺមិនត្រឹមតែជួយឱ្យកម្ពុជា កាត់បន្ថយការពឹងផ្អែក លើការនាំចូលពីបរទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យកេរ្តិ៍ឈ្មោះគុណភាព ផលិតផលកម្ពុជាត្រូវបានគេទទួលស្គាល់កាន់តែច្រើន”។ លោកបន្ថែមថា “ជាមួយនឹងការខិតខំរបស់រដ្ឋាភិបាល និងផ្នែកឯកជន កម្ពុជាបានពង្រឹង និងពង្រីកទីផ្សាររបស់ខ្លួនបានកាន់តែធំនាពេលនេះ”៕