រដ្ឋបាលខេត្តសៀមរាប ស្នើក្រសួងមហាផ្ទៃបង្កើតក្រុងរុនតាឯក ដោយកាត់ផ្ទៃដីចេញពីស្រុកចំនួនពីរ

0

        ដោយៈ ហ្វីអូណា

        សៀមរាបៈ  រដ្ឋបាល​ខេត្ត​សៀមរាប​ ​បាន​រៀបចំ​នីតិវិធី​ស្នើ​ទៅ​ក្រ​សួងមហាផ្ទៃ​ ​ដើម្បី​បង្កើត​រដ្ឋបាល​ក្រុង​ថ្មី​ ​ដែល​ត្រូវ​កាត់​យក​ឃុំ​ចំនួន​ពីរ​របស់​ស្រុក​បន្ទាយស្រី​ ​និង​ស្រុក​ប្រាសាទ​បាគង​ ​សម្រាប់​អភិវឌ្ឍ​ប្រែក្លាយ​ទៅជា​ទីក្រុង​គំរូ​របស់​ខេត្ត​។​​

ការ​ស្នើ​បង្កើត​តំបន់​រុន​តា​ឯក​ ​ទៅជា​ទីក្រុង​ថ្មី​របស់​រដ្ឋបាល​ខេត្ត​ ​បន្ទាប់ពី​សម្តេចធិបតី​ហ៊ុន​ ​ម៉ា​ណែ​តនាយករដ្ឋមន្រ្តី​នៃកម្ពុជាបាន​ ​ណែ​នាំ​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ក្រសួង​ទេសចរណ៍​ ​និង​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​លើក​ក​ម្ពស់​សេដ្ឋកិច្ច​ ​និង​បង្កើត​ការងារ​ក្នុង​តំបន់​រុន​តា​ឯក​ ​ដើម្បី​ប្រែក្លាយ​ទៅ​ជា​តំបន់​អភិវឌ្ឍ​ន៍ថ្មី ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​។​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ​ឆ្នាំ​២០២៣​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២​០​២​៤​ ​របស់​រដ្ឋបាល​ខេត្ដ​សៀមរាប​ ​កាលពី​ថ្ងៃចន្ទ​ ​ដល់​ថ្ងៃអង្គារ​ ​លោក​ ​ប្រាក់​ ​សោភ័ណ​ ​អភិបាល​ខេត្ដ​សៀមរាប​ ​បាន​ឱ្យ​ដឹង​ថា​ ​រដ្ឋបាល​ខេត្ត​បាន​រៀបចំ ​ស្នើសុំ​ទៅ​ក្រសួងមហាផ្ទៃ​ ​ដើម្បី​បង្កើត​រដ្ឋបាល​ក្រុង​ថ្មី​ ​ដែល​មាន​ឈ្មោះ​ថា​ ​ក្រុង​រុន​តា​ឯក​ តេជោ​សែន​។​លោកបន្ត​ថា “​ការ​បង្កើត​ឱ្យ​មាន​ក្រុង​ថ្មី​ (​ក្រុង​រុនតាឯក​ តេជោ​សែន​) ​ដោយ​កាត់​យក​ឃុំ​ចំនួន​ពីរ​ ​គឺ​ឃុំ​រុន​តា​ឯក​ ​នៃ​ស្រុក​បន្ទាយស្រី​ ​និង​ឃុំ​ប​ល្ល័ង្គ ​នៃ​ស្រុក​ប្រាសាទ​បាគង​”។​

លោក​បន្ត​ថា​ ​រដ្ឋបាល​ខេត្ត​ ​ក៏បាន​រៀបចំ​សេវា​ដឹកជញ្ជូន​សាធារណៈ​តាមរយៈ​រថយន្តក្រុង ​របស់​រដ្ឋបាល​ខេត្ត​ ​ដោយ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ឥត​គិតថ្លៃ​ទាំង​ទៅ ​និង​មក​ពី​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​ ​និង​ក្រុង​សៀមរាប​ ​ដែល​នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ​នៅដើម​ឆ្នាំ​២​០​២​៤​ ​ខាងមុខ​។​លោក​បញ្ជាក់​ថា​ ​ក្នុង​ដំណាក់កាល​ទី​៣​ ​រដ្ឋាភិបាល​បាន​ផ្តល់​ដី​ឡូ​តិ៍​ចំនួន​​១,​​១​២​៦​ឡូ​តិ៍ ដើមី្ប​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​តាម​ចំណី​ស្ទឹង​សៀមរាប​ ​និង​ដំណាក់កាល​ទី​៤​ ​រដ្ឋាភិបាល​បាន​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត ​ចាក​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​ ​គឺ​មាន​ដី​ឡូ​តិ៍​ចំនួន​៥,​​៨​៦​៥​។​

លោក​ ​ប្រាក់​ ​សោភ័ណ​បាន​បន្ថែម​ថា​ ​បច្ចុប្បន្ន​ក្រុម​ការងារ​បាន​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ផ្លូវ​ ​ថ្នល់​ ​ប្រព័ន្ធ​ទឹក​កខ្វក់​ ​ប្រព័ន្ធ​ទឹក​ស្អាត​ ​បណ្តាញ​អគ្គិសនី​ ​សាលា​ស្រុក​ ​សាលា​រៀន​ ​មន្ទីរពេទ្យ​ ​វត្តអារាម​ ​ផ្សារ​លក់ដូរ​ ​និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផង​ដែរ​។​

ជាមួយគ្នានេះ លោក​ ​ប្រាក់​ ​សំអឿន​ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា​​ក្រោយ​ពី​ប្រជាពលរដ្ឋ​បាន​ដឹង ​ពី​គម្រោង​បង្កើត​ក្រុង​ថ្មី​បែប​នេះ​ ​ពួក​គេ​បាន​ត្រេកអរ​ ​និង​សាទរ​ដែល​តំបន់​ក្នុង​ភូមិសាស្ត្រ​ភូមិ​ឃុំ​ របស់​ពួកគាត់​បាន​ក្លាយទៅ​ជា​ក្រុង​ ​ដែល​ធ្វើ​ឱ្យ​ដីធ្លី​កាន់តែ​មាន​តម្លៃ​ខ្ពស់​ ​ដូច​នៅ​ក្រុង​សៀមរាប​ដែរ​។​

លោក​បន្ថែម​ថា​ ​តាម​ការពិនិត្យ​ទៅលើ​ឃុំ​ចំនួន​បី​ ​គឺ​មាន​តែ​ឃុំ​ចំនួន​ពីរ​តែប៉ុណ្ណោះ​ ​ដែល​អាច​បង្កើត​ជា​ក្រុង​បាន​ ​នោះ​គឺ​មាន​ ​ឃុំ​រុន​តា​ឯក​ ​ដែល​បច្ចុប្បន្ន​ជា​ឃុំ​របស់​ស្រុក​បន្ទាយស្រី​ ​និង​ឃុំ​ប​ល្ល័ង្គ ​ជា​ឃុំ​របស់​ស្រុក​ប្រាសាទ​បាគង​ ​ដែល​មាន​ហេដ្ឋារចនាសម្ពន្ធ​សមស្រប​ទៅ​នឹង​នីតិវិធី​នៃ​ការ​បង្កើត​ទីក្រុង​ថ្មី​។​រដ្ឋលេខាធិការ​ក៏បាន​ជំរុញ​ ​និង​ណែនាំ​ដល់​អាជ្ញាធរ​ខេត្ត​ ​ត្រូវ​ធ្វើ​ការពិភាក្សា​ឱ្យ​បាន​ជាក់លាក់​ ជាមួយ​ក្រុម​ប្រឹក្សា​ខេត្ត​ ​ដើម្បី​ដាក់ឈ្មោះ​ទីក្រុង​ថ្មី​នេះ​ ដើមី្ប​ដាក់​ជូន​រដ្ឋាភិបាល​ ​និង​ស្មើ​សុំ​ទៅ​រដ្ឋសភា​សម្រេច​ជា​ផ្លូវការ​។​

លោក​ ​ប្រាក់​ ​សំអឿន​ ​បញ្ជាក់​ថា​ ​តំបន់​រុន​តា​ឯក​នេះ​ ​ក៏​ជា​សក្តានុពល​នៃ​វិ​ស័យ​ទេសចរណ៍​មួយ​របស់​ខេត្ត​សៀមរាប​ ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​ដើម្បី​ចូល​ទៅ​ក​ម្សាន្ត ​ហើយក៏​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

ចំណែកលោកស្រី​ ​ឈួន​ ​អ៊ឹម​ ​មេឃុំ​រុន​តា​ឯក​បានមានប្រសាសន៍ឲ្យដឹងផងដែរថា បច្ចុប្បន្ន​ជីវភាព​ប្រជាពលរដ្ឋ ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ​ ​ដោយសារ​តំបន់​រុន​តា​ឯក​ ​កំពុង​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​ ​និង​ពុំទាន់​មាន​ការងារ​ធ្វើ​សម្រាប់​ប្រជាពលរដ្ឋ​ ​ដូច្នេះ​ពួក​គេ​មួយ​ចំនួន​បាន​ទៅ​ប្រកប​មុខ​របរ​ នៅ​កន្លែង​ដែល​ខ្លួន​ធ្លាប់​រស់​នៅ​មួយ​រយៈ​សិន​។​

លោកស្រី​បញ្ជាក់​ថា​ “​មួយ​ស​ប្ដាហ៍ ​ឬ​ពីរ​ស​ប្ដាហ៍ ​ទើប​ពួក​គាត់​បាន​មក​សម្រាក​នៅផ្ទះ​ម្ដង​ ​ប៉ុន្តែ​អ្នក​ខ្លះ​គាត់​ប្រកប​មុខរ​បរ​នៅ​ក្នុង​ភូមិ​នេះ​ស្រាប់​ ​ហើយ​អ្នកខ្លះ​ទុក​ផ្ទះ​ចោល​ ​ប៉ុន្តែ​មិនមែន​ទៅ​ទាំងអស់គ្នា​នោះ​ទេ​។​ ​គាត់​ទុក​កូនក្មេង​ ​ឬ​មនុស្ស​ចាស់​ ​ដើម្បី​ឱ្យ​នៅ​ចាំផ្ទះ”​។​

លោកស្រី​​ឈួន​ ​អ៊ឹម​ បាន​បន្ថែម​ថា​ ​បច្ចុប្បន្ន​ភាគី​ពាក់ព័ន្ធ​បាន​បង្កើត​ផ្សារ ​ក្នុង​តំបន់​រុន​តា​ឯក​​បាន​ប្រហែល​៩​០​% ​ប៉ុន្តែ​សាលារៀន​ដាក់​ឱ្យ​ដំណើរការ​បានជា​ង​ពីរ​ឆ្នាំ​ ​ខណៈ​មន្ទីរពេទ្យ​បាន​បើក​ឱ្យ​ដំណើរការ​បាន​ប្រមាណ​​៦​ខែ​ហើយ​។​ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​រុន​តា​ឯក​ ​ទាំង​អ្នក​រស់នៅ​ចាស់​ ​និង​ទាំង​អ្នក​រស់នៅ​ថ្មី​ ​គឺ​មាន​ចំនួន​៦​៧​១​១​គ្រួសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here