ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្ពាន Huajiang Grand Canyon ក្នុងខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន ដែលបច្ចុប្បន្នកំពុងស្ថិត ក្រោមការសាងសង់ និងជាស្ពានខ្ពស់បំផុតរបស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាមសន្និសីទសារព័ត៌មានដែលបានរៀបចំឡើងកាលពីថ្ងៃពុធ។
គិតមកទល់ពេលបច្ចុប្បន្ន ការសាងសង់ស្ពានខាងលើសម្រេចបានវឌ្ឍនភាព៥០% បន្ទាប់ពីការសាងសង់ត្រូវបានចាប់ផ្តើម នៅក្នុងជ្រលងជ្រោះដ៏ជ្រៅមួយ នៅភាគនិរតីនៃទីក្រុង Guizhou កាលពីជិត២ឆ្នាំមុន។
ស្ពានយោងដោយខ្សែកាបនេះ នឹងក្លាយជាផ្នែកមួយនៃផ្លូវល្បឿនលឿនក្នុងទីក្រុងGuizhou ដែលមានកម្ពស់៦២៥ម៉ែត្រ ពីបាតជ្រលងភ្នំរហូតដល់ស្ពាន និងមានប្រវែង២.៨៩០ម៉ែត្រ។ ក្រោយបើកដាក់ឱ្យដំណើរការ ស្ពាននេះនឹងជួយកាត់បន្ថយពេលវេលាឆ្លងកាត់ជ្រលងភ្នំយ៉ាងច្រើន ពីប្រហែល៧០នាទីមកនៅសល់ត្រឹមតែប្រហែលមួយនាទីប៉ុណ្ណោះ។
យោងតាមសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត Guizhou បានឲ្យដឹងថា សំណុំនៃកម្មវិធីធ្វើដំណើរកម្សាន្ត និងកម្មវិធីដើរទស្សនាមើលទេសភាព និងទិដ្ឋភាពស្ពានកំពុងត្រូវបានគ្រោងទុក។ ដោយសារមានទីតាំង ស្ថិតនៅក្នុងចន្លោះកូនភ្នំតូចៗ និងជ្រលងភ្នំ ខេត្ត Guizhou ជាខេត្តមួយដែលសម្បូរទៅដោយស្ពានខ្ពស់ៗ ដោយខេត្តនេះ មានស្ពានជិត៥០ខ្សែ ដែលស្ថិតក្នុងចំណោមស្ពានខ្ពស់បំផុតទាំង១០០នៅលើពិភពលោក។
បច្ចុប្បន្ន ស្ពាន Beipanjiang ដែលស្ថិតនៅព្រំដែនរវាងខេត្ត Guizhou និងខេត្ត Yunnan គឺជាស្ពានខ្ពស់បំផុតរបស់ពិភពលោក ដែលមានកម្ពស់ ប្រហែល៥៦៥ម៉ែត្រពីលើជ្រលងភ្នំ ដោយស្មើនឹងកម្ពស់អគារ២០០ជាន់៕Xinhua៕