រដ្ឋបាលថ្នាក់ខេត្ត នៅប្រទេសចិនប្តេជ្ញាដើរនាំមុខគេ ក្នុងការជំរុញឱ្យសេដ្ឋកិច្ចជាតិទាំងមូលស្ទុះងើបឡើងវិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមមន្ត្រីចិនក្នុងតំបន់បានបង្ហាញពីអាទិភាពរបស់ពួកគេសម្រាប់ឆ្នាំ២០២៤ ដោយបណ្តាខេត្ត ដែលជាក្បាលម៉ាសុីនសេដ្ឋកិច្ចធំៗមួយចំនួន បានប្តេជ្ញានាំមុខក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលយុទ្ធសាស្រ្តនេះនឹងដំណើរការនៅទូទាំងប្រទេស។

រដ្ឋបាលថ្នាក់ខេត្តចំនួន៣១នៅប្រទេសចិន បានរៀបចំកិច្ចប្រជុំជាច្រើន ដើម្បីពិភាក្សាអំពីអាទិភាពនៅឆ្នាំក្រោយ បន្ទាប់ពីសន្និសីទការងារសេដ្ឋកិច្ចថ្នាក់ជាតិនៅទីក្រុងប៉េកាំងបានបិទបញ្ចប់កាលពីដើមខែធ្នូនេះ។

នៅឯមហាសន្និបាតនោះ ក្រុមមេដឹកនាំកំពូលរបស់ប្រទេសចិន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យដែលកំពុងរីកចម្រើនលូតលាស់។

ខេត្តដែលមានទំហំសេដ្ឋកិច្ចធំ ដូចជា ខេត្ត Zhejiang និងខេត្ត Guangdong បានឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាលកណ្តាល ដោយខិតខំប្រែក្លាយខ្លួនជាតំបន់រឹងមាំខាងផ្នែកសេដ្ឋកិច្ចដើម្បីដើរតួជាតួនាទីសំខាន់ ក្នុងការគាំទ្រសេដ្ឋកិច្ចជាតិ។

រដ្ឋបាលខេត្តZhejiang និងខេត្ត Guangdong បានប្តេជ្ញាថា ពួកគេនឹងពន្លឿនការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ និងបានគូសបញ្ជាក់ពីផែនការដើម្បីរីកចម្រើនក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់។

ចំំណែក បណ្តាខេត្តដែលមានការអភិវឌ្ឍន៍តិចតួច ឬជំពាក់បំណុលគេ បានប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយសេដ្ឋកិច្ចក្នុងស្រុកឱ្យងើបឡើងវិញ និងហាក់មិនសូវមានការសន្យាចាត់វិធានការខ្លាំងក្លានោះទេ ប៉ុន្តែសង្កត់ធ្ងន់ថា ពួកគេនឹងទប់ស្កាត់ហានិភ័យឱ្យស្ថិតក្រោមការគ្រប់គ្រងបាន។ តួយ៉ាង ខេត្តGuizhou និង Yunnan បានអះអាងថា ពួកគេនឹងចាត់វិធានការជាក់ស្តែងដើម្បីដោះស្រាយហានិភ័យ។

ចំណែក ខេត្ត Tianjin ខេត្ត Liaoning ខេត្ត Heilongjiang និងខេត្តមួយចំនួនទៀត បានឈប់និយាយពាក្យដដែលៗថា “ពង្រឹងស្ថិរភាពតាមរយៈវឌ្ឍនភាព” ដែលជាពាក្យស្លោកថ្មីមួយរបស់ថ្នាក់ដឹកនាំកំពូលចិន ដែលបានជំរុញឱ្យមានការរំពឹងទុកសម្រាប់គោលដៅកំណើនសេដ្ឋកិច្ចប្រកបដោយមហិច្ឆតាក្នុងឆ្នាំ២០២៤។

នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានស្នើឱ្យរដ្ឋបាលក្នុងតំបន់ថ្នាក់ខេត្តជួយជំរុញ កំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង កាលពីខែកក្កដាឆ្នាំមុន អតីតនាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានជួបជាមួយថ្នាក់ដឹកនាំតំបន់ឆ្នេរចំនួន៥ ដើម្បីជំរុញឱ្យពួកគេដាក់ចេញនូវគោលនយោបាយគាំទ្រសេដ្ឋកិច្ចបន្ថែមទៀត។

ទោះបីជាយ៉ាងនេះក្តី ដំណើរការស្តារសេដ្ឋកិច្ចរបស់ប្រទេសចិន បាននិងកំពុងជួបការលំបាកដោយសារវិបត្តិអចលនទ្រព្យ ហានិភ័យបំណុលរបស់រដ្ឋបាលក្នុងតំបន់ តម្រូវការធ្លាក់ចុះ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ៕Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here