តោះងាកមកស្គាល់អគារ ដែលមានរូបរាងពិសេសចម្លែកៗទាំង៥នៅលើពិភពលោក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមស្ថាបត្យករគូរប្លង់តែងតែរិះរកនូវគំនិតថ្មីៗ ដើម្បីឌីហ្សាញអគារ ដើម្បីបង្កើតភាពទាក់ទាញ និងបង្កើតលក្ខណៈប្លែកពិសេសប្រចាំប្រទេសនីមួយៗ។ ខាងក្រោមនេះគឺជាអគារទាំង៥នៅលើពិភពលោក ដែលមានរូបរាងពិសេសប្លែកខុសពីគេនិងគួរឱ្យចាប់អារម្មណ៍បំផុត៖

ទី១: វិហារ ដែលមានរូបរាងស្បែកជើង Shoe Church
វិហារដែលមានរូបរាងជាស្បែកជើងនេះស្ថិតក្នុងតំបន់ Chiayi កោះតៃវ៉ាន់ដែលត្រូវបានគេនិយាយថាវិហារនេះស្ថាបនាឡើងតាមរឿងរ៉ាវរបស់ស្ត្រីម្នាក់ ដែលរត់ចេញពីវិហាររហូតដល់ពិធីមង្គលការរបស់នាងត្រូវបានលុបចោល បន្ទាប់ពីនាងមានបញ្ហាស្បែកជើង។ អគារនេះត្រូវបានច្នៃដោយមន្ត្រីរដ្ឋាភិបាលតៃវ៉ាន់ សម្រាប់ជាមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍និងថតរូបផ្សេងៗ។ទី២: ផ្ទះ មានរូបរាងជាយន្តហោះ Airplane House
ផ្ទះយន្តហោះ នេះស្ថិតក្នុងភូមិ Mizria នៅប្រទេសលីបង់។ ផ្ទះនេះត្រូវបានសាងសង់ឡើងចាប់តាំងពីឆ្នាំ១៩៧៥ មកម្ល៉េះ ដែលយកលំនាំតាមយន្តហោះប្រភេទ Airbus A380។ ផ្ទះនេះមាន២ជាន់ និងបន្ទប់ជាច្រើន។ទី៣: អគារមានរូបរាងជាត្រី Fish Building
អគាររូបរាងត្រីនេះជាការិយាល័យមួយដែលត្រូវបានប្រើប្រាស់សម្រាប់ក្រុមមន្ត្រីមូលដ្ឋានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍នេសាទជាតិ ដោយអគារនេះស្ថិតនៅតំបន់ Hyderabad ក្នុងប្រទេសឥណ្ឌា។ទី៤: សារមន្ទីរ ArtScience
សារមន្ទីរនេះគឺជាទីតាំងទាក់ទាញភ្ញៀវទេសចរ ដ៏សំខាន់មួយរបស់ប្រទេសសិង្ហបុរី។ សារមន្ទីរនេះមានរូបរាងដូចជាផ្កាឈូក។ អគារខ្ពស់ៗចំនួន៣ នៅផ្នែកខាងក្រោយសារមន្ទីរ ArtScience ដែលមានទូកនៅពីលើនោះ គឺជាអគារMarina Bay Sands ដែលជាសណ្ឋាគារដ៏ប្រណីត និងជាស្នាដៃស្ថាបត្យកម្មរបស់ប្រទេសសិង្ហបុរី។ទី៥: ផ្ទះ Cubic
ផ្ទះ Cubic ជាអគារដ៏អស្ចារ្យបំផុត ប៉ុន្តែក៏ចម្លែកបំផុតនៅលើពិភពលោកផងដែរ។ អគារទាំងនេះគឺជាផ្ទះ ដែលមានលក្ខណៈ ច្នៃប្រឌិត និងត្រូវបានសាងសង់ឡើងនៅទីក្រុង Rotterdam ក្នុងប្រទេសហូឡង់ និងត្រូវបានរចនាឡើង ដោយស្ថាបត្យករ ហូឡង់លោក Piet Blom។ ការរៀបចំអគារនេះ បានតំណាងឱ្យភូមិមួយនៅក្នុងទីក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here