ស្វាគមន៍ឆ្នាំ២០២៤! ទំនាក់ទំនងកម្ពុជា-ចិនកាន់តែរឹងមាំ និងពោរពេញដោយវឌ្ឍនភាព

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រុមអ្នកវិភាគសង្គមកម្ពុជា បានបង្ហាញក្តីសង្ឃឹម និងជឿជាក់ថា ចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិននឹងកាន់តែរឹងមាំគង់វង្សស្ថិតស្ថេរ ដើម្បីជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

ផ្នែកលើទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរ ដែលបានពង្រឹងពង្រីកកាលពីឆ្នាំចាស់កន្លងទៅ និងការសហការគ្នាជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំកម្ពុជាចិន គឺប្រទេសទាំងពីរកាន់តែយល់ចិត្តគ្នា ហើយគាំទ្រគ្នាគ្រប់កាលៈទេសៈ។

កាលពីឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ  កម្ពុជាចិនបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិនធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការ រវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុត។លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានមានប្រសាសន៍ថា ប្រសិនជាមិនរាប់បញ្ចូលដល់ប្រវត្តិទំនាក់ទំនង រវាងប្រជាជន និងប្រជាជន នៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន ដែលមានអាយុកាលមិនតិចជាង២០០០ឆ្នាំ នោះឆ្នាំ២០២៤នេះ គឺជាការបើកទំព័រនៃខួប៦៦ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនសម្រា​ប់ឆ្នាំថ្មីឆ្នាំ២០២៤នេះ។ លោកបញ្ជាក់ថា “ខ្ញុំរំពឹងថាទំនាក់ទំនងកម្ពុជា-ចិនកាន់តែរឹងមាំនិងពោរពេញដោយវឌ្ឍនភាពចម្រើនបន្ថែមទៀត”។

លោកបណ្ឌិត ជា មុនីឫទ្ធិបានបន្តថា កម្ពុជា និងចិនជាដៃគូដ៏មានសក្តានុពលរួមគ្នា នៅក្នុងកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ” ដែលមានអាយុកាលជាង១ទសវត្សរ៍កន្លងមកនេះ។ ឆ្នាំ២០២៤នេះ កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន នឹងបង្កើនកម្លាំងកាន់តែខ្លាំង ដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសយើងទាំងពីរ ហើយក៏ជាការជំរុញបន្ថែមទៀតនូវការតភ្ជាប់ ជាមិត្តភាពរវាងប្រទេសយើងទាំងពីរ។

លោកបញ្ជាក់ថា “ក្នុងរយៈពេល១០ឆ្នាំកន្លងមក គម្រោងស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ត្រូវបានអនុវត្តនិងទទួលបានសមិទ្ធផលជាផ្លែផ្កា ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការរយៈពេលជាង១ឆ្នាំកន្លងមកនេះ បន្ថែមពីលើកិច្ចព្រមព្រៀងRCEPក៏បានចូលជាធរមានរយៈពេល២ឆ្នាំកន្លងមក ដែលបានបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំង ដល់កិច្ចសហប្រតិបតិ្តការ ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ដែលទទួលបានការគាំទ្រពីប្រទេសចិន លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ។

ក្នុងន័យនេះបានផ្តល់សក្ខីកម្ម យ៉ាងប្រត្យក្សពីទឡ្ហីករណ៍ ដែលគូសរំលេចពីកាតាលីករ នាំឱ្យទំនាក់ទំនងប្រទេសទាំងពីរ កម្ពុជានិងចិនឈានដល់កម្រិតខ្ពស់បំផុត។

ជាមួយគ្នានេះ លោកគង់ សិរីរ័ត្ន អ្នកតាមដានផ្នែកទំនាក់ទំនងកម្ពុជា- ចិនបានបង្ហាញការមើលឃើញថា មានមូលហេតុច្រើនយ៉ាងដែលនឹងជំរុញឱ្យទំនាក់ទំនងកម្ពុជាចិន នឹងកាន់តែរឹងមាំក្នុងឆ្នាំ២០២៤នេះ។លោកបញ្ជាក់ថា “មានមូលហេតុច្រើនណាស់ ដែលធ្វើឱ្យទំនាក់ទំនងកម្ពុជា ចិនឈានដល់កម្រិតខ្ពស់បំផុត គឺកត្តាគាំទ្រគ្នា ការទុកចិត្តគ្នា មានទំនាក់ទំនងវិស័យការទូត នយោបាយគ្រប់កម្រិតទាំងអស់”។

ជាក់ស្តែងក្នុងកិច្ចប្រជុំខ្សែក្រវាត់និងផ្លូវ កាលពីខែតុលាឆ្នាំ២០២៣ នៅទីក្រុងប៉េកាំងប្រទេសចិន យើងឃើញថា សម្តេចធិបតីហ៊ុនម៉ាណែត និងឯកឧត្តមស៊ី ជីងពីង បានឯកភាពគាំទ្រការកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងកម្ពុជា និងចិន” ។ក្នុងនោះយើងក៏ឃើញភាគីទាំងពីរ បានជំរុញការផ្លាស់ប្ដូរពាណិ​ជ្ជកម្ម ទេសចរណ៍ រវាងប្រទេសទាំងពីរ ហើយថ្នាក់ដឹកនាំចិន និងកម្ពុជាតែងតែបញ្ជាក់ច្បាស់ៗថា នឹងគាំទ្រគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ ក្រុមអ្នកវិភាគ និងសង្គមស៊ីវិលនៅកម្ពុជាបានវាយតម្លៃថា ឆ្នាំ២០២៤នេះ គឺជាការបើក នៃទំនាក់ទំនងការទូតលើកទី៦៦ឆ្នាំរវាងកម្ពុជាចិន ពោលគឺមិនថាក្នុងក្របខ័ណ្ឌទ្វេភាគី ឬពហុភាគីឡើយកម្ពុជា ចិន តែងតែបង្ហាញការគាំទ្រគ្នាជានិច្ច ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព វិបុលភាពក្នុងតំបន់ និងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here