ចំនួនភ្ញៀវទេសចរពីកម្ពុជាចូលទៅកាន់ទឹកដីវៀតណាម ហក់ឡើង១៧៦ភាគរយ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តួលេខភ្ញៀវទេសចរឥណ្ឌា និងកម្ពុជា ដែលបានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម បានហក់ឡើងយ៉ាងគំហុក កាលពីឆ្នាំ២០២៣ បើធៀបនឹងកម្រិតមុនផ្ទុះជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០១៩។

យោងតាមទិន្នន័យរបស់អាជ្ញាធរ ទេសចរជាតិវៀតណាម បង្ហា ញថា កំណើនភ្ញៀវទេសចរពីប្រទេសឥណ្ឌា បានហក់ឡើងយ៉ាងគំហុកកាលពីឆ្នាំ២០២៣ តាមពីក្រោយដោយកំណើនភ្ញៀវទេសចរពីកម្ពុជា បើធៀបនឹងឆ្នាំ២០១៩ ដែលជាឆ្នាំមុនផ្ទុះជំងឺរាតត្បាតកូវីដ-១៩។

អាជ្ញាធរខាងលើបានអះអាងថា ភ្ញៀវទេសចរឥណ្ឌាដែលធ្វើដំណើរទៅវៀតណាម បានហក់ឡើង២៣១ភាគរយ ភ្ញៀវទេសចរពីកម្ពុជា ហក់ឡើង១៧៦ភាគរយ ភ្ញៀវទេសចរពីឡាវហក់ឡើង១២២ភាគរយ ភ្ញៀវទេសចរពីសិង្ហបុរី ហក់ឡើង១០៦ភាគរយ ហើយភ្ញៀវទេសចរពីអូស្រ្តាលី ហក់ឡើង១០២ភាគរយ។

នៅក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរមកពីឥណ្ឌា មានចំនួនប្រមាណ១៦៩.០០០នាក់ ខណៈឆ្នាំ២០២៣ មានចំនួន៣៩២.០០០នាក់។ ចំណែក ភ្ញៀវទេសចរពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម នៅក្នុងឆ្នាំ២០១៩ មានប្រមាណ២២៧.០០០នាក់ ហើយក្នុងឆ្នាំ២០២៣ មានចំនួន៤០២.០០០នាក់។

យោងតាមរបាយការណ៍របស់វេបសាយ Google Year in Search 2023 បានបង្ហាញថា ប្រទេសវៀតណាមគឺជាគោលដៅទេសចរណ៍ ដែលត្រូវបានជនជាតិឥណ្ឌា ស្វែងរកច្រើនជាងគេបំផុតតាមរយៈ Google។

លោក Nguyen Van Hung រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានលើកឡើងថា ប្រទេសថៃ និងម៉ាឡេស៊ី បានអនុវត្តការលើកលែងទិដ្ឋាការ សម្រាប់អ្នកដំណើរ មកពីប្រទេសឥណ្ឌារួចទៅហើយ។

ជាមួយគ្នានេះ ភ្ញៀវទេសចរមកពីប្រទេសផ្សេង ទៅកាន់វៀតណាម ក៏មានការកើនឡើងផងដែរ។ យោងតាមអាជ្ញាធរទេសចរណ៍វៀតណាម ក្នុងឆ្នាំ២០២៣ ភ្ញៀវទេសចរមកពីឥណ្ឌូនេស៊ីបានហក់ឡើង៩៩ភាគរយ ខណៈភ្ញៀវទេសចរមកពីប្រទេសថៃ និងសហរដ្ឋអាមេរិក បានហក់ឡើង៩៦ភាគរយ បើធៀបនឹងកម្រិតមុនផ្ទុះជំងឺកូវីដ-១៩៕VNexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here