តើនិន្នាការតម្លៃផ្ទះនៅក្នុងប្រទេសចិន ទីក្រុងហុងកុង និងប្រទេសសិង្ហបុរី មានការប្រែប្រួលបែបណា?

0

ដោយ: គង់ លាងហួរ
ប៉េកាំងៈ យោងតាមការស្ទង់មតិឯកជនមួយបានបង្ហាញកាលពីថ្ងៃចន្ទទី១ខែមករាថា តម្លៃផ្ទះថ្មីរបស់ប្រទេសចិន បានកើនឡើងក្នុងរយៈពេលបួនខែជាប់ៗគ្នា គិតត្រឹមខែធ្នូ ឆ្នាំ២០២៣។

តម្លៃផ្ទះនៅប្រទេសចិនបានកើនឡើងជាមធ្យម០,១ភាគរយក្នុងខែធ្នូ ធៀបនឹងខែវិច្ឆិកា បន្ទាប់ពីកើនឡើង០,០៥ភាគរយនៅក្នុងខែវិច្ឆិកា។ នេះបើយោងតាមការស្ទង់មតិដោយក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ China Index Academy ។ វិស័យអចលនទ្រព្យនៅក្នុងប្រទេសចិនបានជួបប្រទះពីវិបត្តិមួយទៅវិបត្តិមួយទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងវិនិយោគិន។អាជ្ញាធរចិនបានប្រកាសពីវិធានការមួយចំនួន ដើម្បីព្យាយាមធ្វើឲ្យទីផ្សារលំនៅដ្ឋានស្ទុះងើបឡើងវិញ។ នៅក្នុងខែវិច្ឆិកាឆ្នាំមុន ទីក្រុងប៉េកាំង និងសៀងហៃបានបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះ ដូចជាការបន្ថយសមាមាត្រប្រាក់បញ្ញើអប្បបរមាសម្រាប់ការទិញផ្ទះទីមួយ និងទីពីរ។

ចំណែក តម្លៃផ្ទះឯកជននៅប្រទេសសិង្ហបុរីបានកើនឡើងក្នុងល្បឿនដ៏យឺតអស់រយៈពេល២ឆ្នាំជាប់ៗគ្នា គិតត្រឹមឆ្នាំ២០២៣ ដោយកើនឡើងត្រឹមតែ៦,៧ភាគរយ បើធៀបនឹងកំណើន៨,៦ភាគរយនៅឆ្នាំ២០២២ និងកំណើន១០,៦ភាគរយនៅឆ្នាំ២០២១។នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ តម្លៃផ្ទះឯកជននៅសិង្ហបុរី បានកើនឡើង២,៧ភាគរយ លឿនជាងតួលេខកំណើន០,៨ភាគរយនៅក្នុងត្រីមាសទី៣។ នេះបើយោងតាមការប៉ាន់ស្មានបឋម ដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA)។

ចំណែកឯ តម្លៃផ្ទះឯកជននៅទីក្រុងហុងកុង បានធ្លាក់ចុះអស់រយៈពេល៧ខែជាប់ៗគ្នា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ ដោយធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧ ដែលបណ្តាលមកពីទំនុកចិត្តធ្លាក់ចុះ ស្របពេលអត្រាការប្រាក់កើនឡើងខ្ពស់ជាងមុន។

យោងតាមទិន្នន័យបានឱ្យដឹងទៀតថា តម្លៃផ្ទះនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងហុងកុង ដែលជាទីផ្សារដ៏ថ្លៃបំផុតមួយក្នុងពិភពលោកបានធ្លាក់ចុះ២% នៅក្នុងខែវិច្ឆិកា បន្ទាប់ពីបានធ្លាក់ចុះ២,១% នៅក្នុងខែតុលា៕ប្រភព៖ Reuters និង CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here