ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធានរដ្ឋម៉ាឡាកា លោក Ab Rauf Yusoh បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋម៉ាឡាកាស្វាគមន៍អ្នកវិនិយោគមកពីប្រទេសចិនក្នុងវិស័យផ្សេងៗ ហើយយើងនឹងផ្តល់ការលើកទឹកចិត្តដល់ពួកគេដើម្បីទាក់ទាញការវិនិយោគ។
លោក Ab Rauf Yusoh បានថ្លែងដូច្នេះ ក្នុងឱកាសដែល លោកបានចូលរួមក្នុងសកម្មភាពផ្តល់ជំនួយផ្នែកអប់រំ ដែលរៀបចំឡើងនៅទីក្រុងម៉ាឡាកា ដោយក្រុមហ៊ុន Edra Power Holdings ដែលជាសាខារបស់ក្រុមហ៊ុន China General Nuclear Power Corporation។
ប្រធានរដ្ឋរូបនេះអះអាងថា លោកបានទទួលស្គាល់ការរួមចំណែកដ៏គួរឱ្យសរសើររបស់ក្រុមហ៊ុន Edra ដែលមិនត្រឹមតែផ្តល់នូវថាមពលប្រកបដោយនិរន្តរភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋម៉ាឡាកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវការផ្លាស់ប្តូរជាវិជ្ជមានដល់ជីវិតរបស់អ្នកដែលប្រាថ្នាចង់រៀនសូត្រ និងសម្រេចបានជោគជ័យ។
លោកក៏បានកត់សម្គាល់ផងដែរថា រដ្ឋម៉ាឡាកា មានឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក្នុងវិស័យទេសចរណ៍ សិល្បៈ និងវប្បធម៌ ខណៈប្រវត្តិសាស្ត្ររវាងរដ្ឋម៉ាឡាកា និងប្រទេសចិន មានតាំងពីយូរយារណាស់មកហើយ សម្រាប់រយៈពេល៦០០ឆ្នាំចុងក្រោយនេះ។
ជាមួយគ្នានោះ លោក Dai Honggang ប្រធានក្រុមហ៊ុន Edra Power Holdings បានលើកឡើងថា ជំនួយផ្នែកអប់រំគឺស្របតាមគោលបំណងរបស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាពដល់សិស្ស ដែលអាចឱ្យពួកគេឈានដល់សក្តានុពលពេញលេញ។
លោក Dai បានបន្ថែមថា កាលពីឆ្នាំមុន សិស្សជាង១.៦០០នាក់មកពីសាលាចំនួន២៦ នៅក្នុងរដ្ឋម៉ាឡាកា រដ្ឋសេឡង់ហ្គ័រ រដ្ឋណេហ្គ្រី សេមប៊ីឡាន និងរដ្ឋខេដា សុទ្ធតែបានទទួលអត្ថប្រយោជន៍ពីកម្មវិធីជំនួយមួយនេះ៕