ក្រុមហ៊ុនផលិតសំបកកង់រថយន្តលំដាប់យក្សរបស់ចិន Cart Tire នឹងបង្កើនទុនវិនិយោគដល់៧០០លានដុល្លារនៅកម្ពុជា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនរបស់ចិន Cart Tire Co., Ltd. ដែលកំពុងវិនិយោគគម្រោងកម្មន្ដសាល សំបកកង់យានយន្ត ក្នុងខេត្តស្វាយរៀង គ្រោងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែម ជាមួយទំហំទុនកើនដល់ប្រមាណ៧០០លានដុល្លារអាមេរិក ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងដំណើរទស្សនកិច្ចគោះទ្វារវិនិយោគ នៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន លោក ស៊ុន ចាន់ថុល ឧបនា​យករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ៦ខែមករា ឆ្នាំ ២០២៤ បានទស្សនាសម្ព័ន្ធ Sailun Group Co., Ltd. ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Cart Tire Co., Ltd. ព្រមទាំងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធ Sailun Group ដឹកនាំដោយលោក Yuan Zhongxue ក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលកៅស៊ូជាតិ និងជាអគ្គនាយកសម្ព័ន្ធ Sailun Group។

ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំក្រុមហ៊ុន Sailun បានបង្ហាញចក្ខុវិស័យច្បាស់លាស់ ក្នុងការបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការវិនិយោគកៅស៊ូជាតិកម្ពុជា ការសាងសង់រោងចក្រផលិតកែច្នៃកៅស៊ូ និងការសាងសង់សួនឧស្សាហកម្ម ក្នុងប្រទេ​សកម្ពុជាផងដែរ។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Sailun ដែលបានសម្រេចដាក់ទុនចូលមកវិនិយោគការផលិត សំបកកង់យានយន្តក្នុងប្រទេសកម្ពុជា នាពេលកន្លងមក។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីជំហររបស់កម្ពុជាក្នុងការបើកទទួល រាល់វិនិយោគិនទាំងអស់ និងពិសេសលើកទឹកចិត្តចំពោះក្រុមហ៊ុន ក្នុងការពង្រីកខ្សែច្រវាក់ផលិតកម្ម របស់ខ្លួននៅកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីទិសដៅរបស់កម្ពុជាដែលចង់ឃើញ មានការវិនិយោគលើវិស័យនានាច្រើននៅកម្ពុជា ដែលនេះស្របទៅគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ការខិតខំជំរុញឱ្យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយត្រូវប្ដូរមកប្រើធនធានបច្ចេកទេ​សខ្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាជាដើម។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា កម្ពុជាមានសុខសន្តិភាពពេញលេញ ក្រោមការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការខិតខំថែរក្សាបន្តទៀតរបស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលអនុញ្ញាតឱ្យសេដ្ឋកិច្ចកម្ពុជា អាចរីកចម្រើនបានក្នុងរង្វង់៧% មុនពេលកើតមានជំងឺកូវីដ១៩ ៥,៣%ក្នុងឆ្នាំ២០២៣ និងរំពឹងថាកើនឡើង ៦,៣% ក្នុងឆ្នាំ ២០២៤។

លោកបានលើកឡើងទៀតថា កម្ពុជាមានយុវជនវ័យក្មេងអាយុក្រោម២៥ឆ្នាំជាង៦០% ដែលកត្តាធនធានមនុស្សនេះ នឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត ស្របតាមគន្លឹះអាទិភាពរួមមានផ្លូវ ភ្លើង ទឹក ធនធានមនុស្ស និងបច្ចេកវិទ្យា។

ចំពោះហេដ្ឋារចនាសម្ព័ន កម្ពុជាមានផ្លូវតភ្ជាប់ពាសពេញផ្ទៃប្រ​ទេស មានផ្លូវតភ្ជាប់ទៅប្រទេសជិតខាង ផ្លូវល្បឿនភ្នំពេញក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គម្រោងលើកកម្រិតផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងកែលម្អផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត គម្រោងសិក្សាផ្លូវដែកថ្មីភ្នំពេញ-បាវិត គម្រោងសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ គម្រោងសាងសង់កំពង់ផែកំពត គម្រោងសាងសង់កំពង់កោះកុង គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងផែនការមេភស្តុរភារកម្មជាដើម។

រាជរដ្ឋាភិបាលចាត់ទុកផ្នែកឯកជន ជាដៃគូរដ៏សំខាន់ ដោយក្នុងនោះ មានរៀបចំបង្កើតក្រុមការងារចំនួន១៤ ពីវិស័យរដ្ឋនិងឯកជន ដើម្បីធ្វើការរួមគ្នា ដោះស្រាយបញ្ហានានារបស់វិស័យឯកជន។ កម្ពុជាមានច្បាប់វិនិយោគ ដែលផ្ដល់ការលើកទឹកចិត្ត ដល់គ្រប់វិនិយោគិនដែលដាក់ទុនវិនិយោគនៅកម្ពុជា ហើយក្នុងនោះមានក្រុមប្រឹក្សាអភិ​វឌ្ឍន៍កម្ពុជាដែលជាអ្នកទាក់ទាញ សម្របសម្រួល និងថែទាំគម្រោងវិនិយោគទាំងអស់នៅកម្ពុជា។

ក្រុមហ៊ុន Cart Tire Co., Ltd. បាន និងកំពុងវិនិយោគគម្រោងកម្មន្ដសាលសំបកកង់យានយន្ត ក្នុងខេត្តស្វាយរៀង និងជាក្រុមហ៊ុនផលិតសំបកកង់រថយន្តដំបូងគេនៅកម្ពុជា ក្នុងតម្លៃទុនជាង៣៥០លានដុល្លារអាមេរិក ដោយក្រុមហ៊ុនសន្យាថា នឹងទិញផលិត ផលជ័រកៅស៊ូក្នុងស្រុក១០០% ក្នុងសង្វាក់ការផលិត ពោលគឺប្រមាណ៥ម៉ឺនតោន នៅឆ្នាំដំបូង និង១៥ម៉ឺនតោន នៅ៥ ឆ្នាំបន្ទាប់។

ជាមួយគ្នានេះក្រុមហ៊ុន នឹងបង្កើនទុនវិនិយោគឡើងដល់ ៧០០លានដុល្លារអាមេរិក លើផ្ទៃដីប្រមាណ១២០ហិកតា និងមានទីផ្សារនាំចេញទៅកាន់ សហរដ្ឋអាមេរិក កាណាដា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង បានបង្កើតការងារប្រមាណ២ពាន់កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here