ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្របពេលទីផ្សារអចលនទ្រព្យនៅកម្ពុជា កំពុងស្ថិតក្នុងសភាពមិនច្បាស់លាស់ អ្នកជំនាញអន្តរជាតិ បានលើកឡើងនូវដំណោះស្រាយមួយចំនួន។
នាយកប្រតិបត្តិក្រុមហ៊ុនPropNex Cambodia លោក Alan Neo ដែលជាជនជាតិសឹង្ហបុរី មានបទពិសោធន៍យូរឆ្នាំក្នុងវិស័យនេះបានថ្លែងឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ទីផ្សារនេះមិនបានជាប់គាំងទាំងស្រុងនោះទេ ដោយតម្លៃអចលនទ្រព្យ មានភាពប្រសើរជាទូទៅ។ ឧទាហរណ៍តំបន់ផ្លូវ៦០ម៉ែត្រកាលពី៥ឆ្នាំមុន មានតម្លៃប៉ុន្មាន ហើយឥលូវដីមានតម្លៃប៉ុន្មាន? ដីនៅផ្លូវក្រវ៉ាត់ក្រុងទី៣ ពីមុនមានតម្លៃបែបណា ឥលូវកើនឡើងដល់តម្លៃណា?។
លោកបញ្ជាក់ថា “ទីផ្សារនេះ ត្រូវការការអប់រំអ្នកមានធនធានបន្ថែមទៀត ដើម្បីឲ្យពួកគេបញ្ចេញទុនវិនិយោគក្នុងវិស័យនេះ”។ លោកបន្តថា “នៅកម្ពុជា នៅមានអ្នកមានលុយច្រើន ប៉ុន្តែពួកគេមិនហ៊ានបញ្ចេញទុនវិនិយោគ ដោយសារពួកគេបារម្ភពីទីផ្សារ ខណៈអ្នកវិនិយោគអន្តរជាតិបាន និងកំពុងសម្លឹងមកាន់ទៅផ្សារនេះ”។
លោកAlan Neo បានបន្តទៀតថា ទីផ្សារនេះកំពុងក្លាយជាឱកាសមាស សម្រាប់អ្នកវិនិយោគអន្តរជាតិ ដែលពួកគេកំពុងមើលឃើញឱកាសចំណេញនាពេលអនាគត ស្របពេលតម្លៃអចលនទ្រព្យនៅទីនេះ មានការខុសគ្នាឆ្ងាយពីប្រទេសរបស់លោក។
ជាមួយគ្នានេះ លោកបណ្ឌិតឧកញ៉ាDato Dr Albert Tanប្រធានAPC ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបាននាំអ្នកវិនិយោគបរទេសជាច្រើន មកកាន់កម្ពុជាបានថ្លែងថា ទីផ្សារនេះមានឱកាសរីកចម្រើន ហើយយុគមាសនឹងកើតមាន នៅកម្ពុជាម្តងទៀតនារយៈពេល១០ឆ្នាំខាងមុខ។លោកបានពន្យល់ថា ទីផ្សារនេះមានឱកាសរីកចម្រើន និងទាក់ទាញ ដោយសារកត្តាមួយចំនួនដូចជា ការផ្សព្វផ្សាយពីព័ត៌មានវិជ្ជមាននៅកម្ពុជា កាន់តែមានភាពទូលំទូលាយ ការខិតខំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញការវិនិយោគពីអន្តរជាតិ ការរក្សាបានកំនើនសេដ្ឋកិច្ចល្អប្រសើរ ការកើនឡើងវិស័យទេសចរណ៍ ការកើនឡើងនូវកត្តាប្រជាសាស្រ្ត និងកត្តាប្រជាជនវ័យក្មេងច្រើន នៅក្នុងប្រទេសនេះ៕