ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអាកាសចរណ៍ជាច្រើន នៅក្នុងតំបន់អាស៊ានកំ ពុងសម្រុកបើកដំណើរការសេវាកម្ម ជើងហោះហើរដោយផ្ទាល់ទៅកាន់ប្រទេសចិន ដែលជាទីផ្សារទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក។
ជាក់ស្តែង កាលពីថ្ងៃសៅរ៍ ទី៦ ខែមករាកន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានចាប់ផ្តើមបើកជើងហោះហើររវាងទីក្រុងភ្នំពេញ និងទីក្រុងឆុងឈីង ដែលជាទីក្រុងមានប្រជាជនរស់នៅជាង៣១លាននាក់។ ក្រុមហ៊ុន Cambodia Airways បើកសេវាកម្មហោះហើរទៅកាន់ទីក្រុងឆុងឈីង ចំនួន២ដង ក្នុងមួយសប្តាហ៍ ដូចជាថ្ងៃច័ន្ទ និងថ្ងៃសៅរ៍។ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរចិន ចំនួន៤៩៨.២៥០នាក់ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំមុន ឬស្មើនឹង១០% នៃចំនួនភ្ញៀវទេសចរបរទេសទាំងអស់។
ទន្ទឹមគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍Cambodia Airways ក៏ហោះហើរទៅកាន់ទីក្រុងប៉េកាំង ទីក្រុងShenzhen ទីក្រុង Chengdu ទីក្រុងម៉ាកាវ ទីក្រុងSanya ទីក្រុងJinan ទីក្រុងJieyang និងទីក្រុង Haikouផងដែរ។ចំណែក ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីថ្មីៗនេះ បានបើកដំណើរការសេវាកម្មហោះហើរដោយផ្ទាល់ទៅកាន់ទីក្រុង Wuxi ជាមួយនឹងរយៈពេលពីរថ្ងៃក្នុងមួយសប្តាហ៍។
ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា ក្រុមហ៊ុននឹងបង្កើនការហោះហើរ រហូតដល់៤ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៥ ខែមករា តទៅ។ ប្រទេសសិង្ហបុរីទទួលបានភ្ញៀវទេសចរចិនចំនួន១,២៣លាននាក់ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំមុន។
ចំណែក ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia គ្រោងនឹងចាប់ផ្តើមបើកជើងហោះហើរ ចំនួន៥ដងក្នុងមួយសប្តាហ៍ រវាងទីក្រុងបាងកក និងទីក្រុងសៀងហៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែកុម្ភៈខាងមុខ។ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Thai Vietjet គ្រោងនឹងចាប់ផ្តើមជើងហោះហើរត្រង់ ពីទីក្រុងបាងកក ទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី១ខែមីនាខាងមុខ។លើសពីនោះ ក្រុមហ៊ុននេះបានហោះហើរ ទៅកាន់ទីក្រុង Shenzhen និងទីក្រុង Hangzhou រួចទៅហើយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation Thailand៕