ទីផ្សារអចលនទ្រព្យផ្នែកលក់រាយនៅក្នុងទីក្រុងលំដាប់ទី១ របស់ប្រទេសចិន បង្ហាញពីសញ្ញាវិជ្ជមាន

0

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមសារពត៌មាន The South China Morning Post បានរាយការណ៍ថា ទីផ្សារអចលនទ្រព្យលក់រាយ នៅក្នុងទីក្រុងលំដាប់ទី១ របស់ប្រទេសចិនបានបង្ហាញពីសញ្ញាវិជ្ជមាន នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះ ក្រុមអ្នកជំនាញកំពុងព្យាករណ៍ពីសន្ទុះ ប្រកបដោ យនិរន្តរភាពសម្រាប់ឆ្នាំ២០២៤ ដែលជំរុញដោយសារការកើនឡើងបន្តិចម្តងៗនៃការលក់រាយ ខណៈទីផ្សារអចលនទ្រព្យលក់រាយនៅក្នុងទីក្រុងប៉េកាំង បានដំណើរការល្អជាងគេ ខណៈដែលទីផ្សារនៅទូទាំងប្រទេសមានស្ថិរភាព។

អត្រាទំនេរជាមធ្យមនៅក្នុងរដ្ឋធានី របស់ប្រទេសចិនបានធ្លាក់ចុះ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ មកនៅត្រឹមកម្រិតទាបបំផុត គិតចាប់តាំងពីត្រីមាសទី២ ឆ្នាំ២០២២ ខណៈអត្រានៃការជួលហាងលក់រាយបានកើនឡើង។ នេះ​បើ​យោង​តាម​របាយការណ៍ក្រុមហ៊ុន​គ្រប់គ្រង​ការ​វិនិយោគ​អចលនទ្រព្យJLL។
របាយការណ៍របស់ក្រុមហ៊ុនJLL បានបន្តថា ការណ៍នេះត្រូវបានជំរុញមួយផ្នែកតាមរយៈការប្រើប្រាស់ ដែលមានភាពប្រសើរឡើង ហើយសន្ទុះកំណើនទំនងជានឹងបន្តស្ទុះឡើងនៅឆ្នាំនេះ។

របាយការណ៍ដដែលបានអះអាងថា ស្របពេលមានសន្ទុះវិជ្ជ មាននៃការងើបឡើងវិញ ខាងផ្នែកសេដ្ឋកិច្ច ទីផ្សារអចលនទ្រព្យលក់រាយរបស់ទីក្រុងប៉េកាំងត្រូវបានគេរំពឹងថា នឹងស្ទុះងើបឡើងវិញ តាមរយៈការកើនឡើងបន្តិចម្តងៗនៃតម្រូវការ។

ចំណែកតម្រូវការជួលនៅទីក្រុងសៀងហៃ ក៏បានកើនឡើងខ្លាំងផងដែរ ខណៈអ្នកលក់រាយទាំងក្នុង និងក្រៅប្រទេសបានសម្រុកពង្រីកហាងរបស់ពួកគេ ក្នុងក្តីសង្ឃឹមថា ពួកគេនឹងអាចទាញបានផលប្រយោជន៍ ពីតម្រូវការប្រើប្រាស់ដែលកំពុងកើនឡើង។

ទោះជាយ៉ាងនេះក្តី ការផ្គត់ផ្គង់គម្រោងផ្នែកលក់រាយ ក៏មានការកើនឡើងផងដែរ។ ជាក់ស្តែង នៅត្រីមាសទី៤ ឆ្នាំ២០២៣ គម្រោងអចលនទ្រព្យផ្នែកលក់រាយថ្មីចំនួន៨ ដែលមានផ្ទៃក្រឡាចំនួន៥៨៧.០០០ម៉ែត្រការ៉េ បានចូលទៅកាន់ទីផ្សារក្រុងសៀងហៃ ដែលនាំឱ្យស្តុកសរុបនៅក្នុងទីក្រុងនេះ កើនឡើងដល់ប្រហែល២៣លានម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here