ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍សេដ្ឋកិច្ចឌីជីថលរបស់តំបន់អាស៊ីបានឱ្យដឹងថា ប្រទេសចិនកំពុងបោះជំហានឈានមុខគេ ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ដោយទំហំទឹកប្រាក់នៃវិស័យនេះ ឈានដល់៧,៤៧ទ្រីលានដុល្លារក្នុងឆ្នាំ២០២២។
របាយការណ៍នេះត្រូវបានចេញផ្សាយដោយលោក Li Baodong ដែលជាអគ្គលេខាធិការនៃវេទិកា Boao សម្រាប់តំបន់អាស៊ី ក្នុងអំឡុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងនៅទីក្រុងប៉េកាំង។
របាយការណ៍ខាងលើបង្ហាញថា បន្ទាប់ពីចិន គឺប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ២ ដែលសេដ្ឋកិច្ចឌីជីលរបស់ប្រទេសនេះមានទំហំទឹកប្រាក់ចំនួន២,៣៧ទ្រីលានដុល្លារ បន្ទាប់មកគឺ សាធារណរដ្ឋកូរ៉េ ដែលសេដ្ឋកិច្ចឌីជីលរបស់ប្រទេសនេះ មានទំហំទឹកប្រាក់ចំនួន៩៥២,៣ពាន់លានដុល្លារ។
សេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសឥណ្ឌា អារ៉ាប៊ីសាអូឌីត សិង្ហបុរី ឥណ្ឌូណេស៊ី អ៊ីស្រាអែល និងម៉ាឡេស៊ី មានទំហំទឹកប្រាក់លើសពី១០០ពាន់លានដុល្លារអាមេរិក ប្រហាក់ប្រហែលគ្នា។ នេះបើយោងតាមរបាយការណ៍ដដែលខាងលើ។
លោក Li Baodong លើកឡើងថា ប្រទេសចិនគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើននៅលើពិភពលោក ដែលសេដ្ឋកិច្ចឌីជីថលមានបរិយាកាសអភិវឌ្ឍន៍ល្អបំផុត សន្ទុះកំណើនខ្លាំងបំផុត និងមានការអនុវត្តធំទូលាយបំផុត។
លោកLi បានបន្តថា “សន្និសីទការងារសេដ្ឋកិច្ចថ្នាក់កណ្តាល ដែលរៀបចំឡើងថ្មីៗនេះ ដោយប្រទេសចិន បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ឧស្សាហូបនីយកម្មថ្មី និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ហើយវាអាចត្រូវបានគេរំពឹងថា សេដ្ឋកិច្ចឌីជីថល នឹងបន្តក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន”។
លោក Li បានបន្ថែមថា បណ្តាប្រទេសនៅតំបន់អាស៊ី គួរតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការចែករំលែកភាគលាភ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ពង្រឹងការកសាងបណ្តាញ និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងជំរុញការតភ្ជាប់អន្តរហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន៕Xinhua៕