ក្រុមហ៊ុនចំនួន៥គ្រោងបោះទុន១៨០០លានដុល្លារអភិវឌ្ឍន៍គំរោងដ៏ធំមួយនៅក្រុងព្រះសីហនុ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនជាតិ អន្តរជាតិចំនួន៥បានប្រកាសសហការ និងវិនិយោគរួមគ្នា លើការបង្កើតគម្រោងអភិវឌ្ឍន៍ តំបន់ទេសចរណ៍ ជាលក្ខណៈ “តំបន់រាជាបេតិកភណ្ឌទេសចរណ៍” នៅខេត្តព្រះសីហនុ។

ក្រុមហ៊ុនទាំង៥នោះរួមមាន ក្រុមហ៊ុន PITOU និងក្រុមហ៊ុន LJ ដែលជាក្រុមហ៊ុនអនុវត្តន៍គម្រោងនៅកម្ពុជា បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ ជាមួយក្រុមហ៊ុនAMARTA PURA របស់ប្រទេសឥណ្ឌូណេស៊ី ក្រុមហ៊ុនDCI របស់សាធារណរដ្ឋកូរ៉េ និងក្រុមហ៊ុនKWK របស់ប្រទេសសិង្ហបុរី ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍។

លោក ឃៀង ខេមរិន្ទ តំណាងក្រុមហ៊ុនវិនិយោគនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១០ មករាកន្លងមកថា គម្រោងវិនិយោគ ដែលគ្រោងចំណាយទំហំទឹកប្រាក់១,៨០០លានដុល្លារនេះ នឹងធ្វើការអភិវឌ្ឍលើផ្ទៃដីទំហំ២២.៥ហិកតា ស្ថិតនៅសង្កាត់បិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

គម្រោងនេះ ផ្ដោតទៅលើសណ្ឋាគារ កាស៊ីណូ កន្លែងវាយកូនគោល ផ្សារទំនើប មន្ទីរពេទ្យអន្ដរជាតិ សាកលវិទ្យាល័យអន្ដរជាតិ និងប្រភេទកីឡាទេសចរណ៍ជាច្រើនទៀត ជាមួយនឹងសំណង់អាគរប្រណិតៗជាច្រើនទៀត ។

លោកបន្ដថា គម្រោងវិនិយោគនេះ គ្រោងនឹងចាប់ផ្ដើមនាអំឡុងពាក់កណ្ដាលឆ្នាំ២០២៤នេះ ជាមួយនឹងការសាងសង់និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋរយៈពេល១០ឆ្នាំ ដើម្បីបញ្ចប់សព្វគ្រប់នូវគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍នេះ ។ ដូច្នេះបន្ទាប់ពីការចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុននឹងតម្លើងប្លង់មេ និងប្លង់លម្អិត រៀបចំជាសិក្ខាសាលា ដាក់ឆ្លង ក្រសួងជំនាញពាក់ព័ន្ធ ដើម្បីស្នើសុំគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា ។

លោកលោក ឃៀង ខេមរិន្ទបានថាគម្រោងអភិវឌ្ឍន៍នេះ គឺភ្ជាប់ជាមួយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៤០ អនក្របក ចុះថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៩ ស្ដីពីការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ ក្នុងការជំរុញលើកកម្ពស់ វិស័យទេសចរណ៍របស់ជាតិ ដោយគោលដៅទាក់ទាញចម្បង លើភ្ញៀវទេសចរមកពីម៉ាឡេស៊ី ឥណ្ឌូណេស៊ី កូរ៉េ ជប៉ុន និងចិន ជាដើម”។ លោកបន្ថែមថា “គម្រោងនេះ ដំបូងយើងរៀបចំឡើងលើផ្ទៃដី២២.៥ហិកតាសិន ដោយយកដៃគូអ្នកជំនាញបច្ចេកទេសពីកូរ៉េនិងសិង្ហបុរី ហើយបន្តបន្ទាប់ទៀត យើងនឹងរៀបចំគម្រោងរហូតដល់ផ្ទៃដី ២០០ហិកតាថ្ងៃអនាគត”។

លោកបានបង្ហាញនូវសុទិដ្ឋិនិយម និងការរំពឹងខ្ពស់លើការវិនិ​យោគនេះ នឹងទទួលបានជោគជ័យ ដ្បិតមុនឈានដល់ការចុះកិច្ចព្រមព្រៀងវិនិយោគ និងអនុស្សរណៈយោគយល់គ្នា ក្រុមហ៊ុនវិនិយោគកម្ពុជា បានចំណាយពេល១ឆ្នាំកន្លះមកហើយ ក្នុងការសិក្សា និងជជែកគ្នាយ៉ាងលម្អិត ជាមួយដៃគូវិនិយោគរបស់ខ្លួន ដែលធ្លាប់មានបទពិសោធន៍ ក្នុងការរៀបចំគម្រោង ដូចជានៅវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី ហុងកុង និងទទួលបានជោគជ័យដ៏ត្រចះត្រចង់។

លោកបន្ថែមថា ក្រោយពេលគម្រោងវិនិយោគ បានសាងសង់រួចរាល់យើងរំពឹងថា នឹងបានជួយដល់សេដ្ឋកិច្ច និងវិស័យទេសច​រណ៍នៅកម្ពុជាបន្ថែមទៀត ។ ជាមួយគ្នាដែរ ពួកយើងក៏សូមអំពាវនាវឲ្យគ្រប់ភាគីជំនាញទាំងអស់ ជាពិសេសអាជ្ញាធរដែនដី ក្រសួងជំនា​ញពាក់ពន្ធ័ ចូលរួមសហការគាំទ្រ និងជំរុញឲ្យគម្រោងវិនិយោគមួយនេះ ទទួលបានជោគជ័យទៅថ្ងៃអនាគត សម្រាប់ជាប្រយោជន៍ជាតិផងដែរ

LEAVE A REPLY

Please enter your comment!
Please enter your name here